បរទេស៖ ប្រទេសថៃកំពុងពិចារណាបង្កើនជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាក្នុងបរិបទដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅតំបន់ព្រំដែនរបស់មីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេត បាឡាន់គូរ៉ា (Nikorndej Balankura) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយជម្លោះ ហើយអាចផ្តល់ការគាំទ្របន្ថែមទៀតប្រសិនបើមានការចាំបាច់។
រដ្ឋាភិបាលថៃក៏នឹងពិចារណាទៅលើដំណោះស្រាយក្នុងការបង្កើនជំនួយមនុស្សធម៌ដោយការសម្របសម្រួលជាមួយអង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលដែលប្រតិបត្តិការតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។
លោក នីកនដេត បាននិយាយថា ប្រទេសថៃគ្រោងនឹងអញ្ជើញអង្គការទាំងនោះដើម្បីចែករំលែកមតិយោបល់របស់ពួកគេនៅក្នុងសប្តាហ៍នេះ ដោយលោកបាននិយាយបន្ថែមថា ប្រទេសនេះនៅតែបន្តផ្តល់ជំនួយស្មើៗគ្នាដល់ភាគីទាំងអស់។
កន្លងមក រដ្ឋាភិបាលថៃបានប្រគល់ទំនិញសង្គ្រោះចំនួន ៤.០០០កញ្ចប់ក្នុងពិធីមួយដែលរៀបចំដោយក្រសួងការបរទេសនៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាលេខ២ ក្នុងខេត្តតាក កាលពីថ្ងៃទី២៥ ខែមីនា កន្លងមក។
កញ្ចប់សង្គ្រោះដែលផ្តល់ដោយកាកបាទក្រហមថៃនោះ រួមមានអង្ករ អាហារស្ងួត និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ហើយត្រូវបានប្រគល់ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីចែកចាយនៅក្នុងរដ្ឋកាយីនរបស់ប្រទេសមីយ៉ាន់ម៉ា។ ជំនួយនោះត្រូវបានផ្តល់ជូនដល់ប្រជាជនប្រមាណ ២០.០០០នាក់ដែលរស់នៅក្នុងទីតាំងបីផ្សេងគ្នាក្នុងក្រុងប៉ាអាន និងក្រុងកូវការេក។
លោក នីកនដេត បានកត់សម្គាល់បន្ថែមទៀតថា នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានបញ្ជាឱ្យបង្កើតគណៈកម្មាធិការមួយ ដើម្បីតាមដានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅក្នុងសប្តាហ៍នេះ។
លោកបាននិយាយថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចចរចាជាមួយភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះដែលកំពុងបន្ត ហើយបានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់ប្រទេសថៃសម្រាប់កិច្ចសន្ទនា ដើម្បីជួយស្តារសន្តិភាព ស្ថិរភាព និងឯកភាពនៅក្នុងប្រទេសជិតខាងមួយនេះ៕
ប្រភព៖ AKP