បរទេស៖ ក្រុមវេជ្ជបណ្ឌិតថៃ និងឡាវ បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយសង្រ្គោះកុមារ និងយុវជនដែលទទួលរងពីជំងឺទាក់ទងនឹងបេះដូង។
គំនិតផ្តួចផ្តើមនេះមានឈ្មោះថា សង្រ្គោះកុមារដែលមានជំងឺបេះដូងនៅទូទាំងតំបន់ទន្លេមេគង្គ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលមានការចូលរួមពីកាកបាទក្រហមថៃ មន្ទីរពេទ្យជូឡាឡុងកន មហាវិទ្យាល័យវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យជូឡាឡុងកន មូលនិធិវះកាត់បេះដូងកុមារ ស្ថានទូតថៃប្រចាំប្រទេសឡាវ ក្រសួងសុខភាពសាធារណៈរបស់ប្រទេសឡាវ និងមន្ទីពេទ្យមហោសថ។
នាយកមន្ទីរពេទ្យជូឡាឡុងកន លោកវេជ្ជបណ្ឌិត ចាន់ចៃ សិទ្ធិពុន្ទ (Chanchai Sittipunt) បាននិយាយថា គម្រោងនេះត្រូវបានចាប់ផ្តើមកាលពីឆ្នាំមុន បន្ទាប់ពីបុគ្គលិកថែទាំកុមាររបស់មន្ទីរពេទ្យបានរកឃើញថា មន្ទីរពេទ្យមហោសថនៅប្រទេសឡាវដែលជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសដែលធ្វើការវះកាត់បេះដូង ត្រូវការគ្រូពេទ្យជំនាញបន្ថែមទៀតដើម្បីព្យាបាលកុមារដែលមានជំងឺបេះដូង។
ស្ថិតក្រោមគម្រោងនេះ អ្នកជំងឺវ័យក្មេងឡាវដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺបេះដូង នឹងត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យប្រទេសថៃ ជាកន្លែងដែលពួកគេអាចទទួលបានការព្យាបាលដោយឥតគិតថ្លៃ។
លើសពីនេះទៀត មន្ទីរពេទ្យជូឡាឡុងកន និងមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន កំពុងតែផ្តល់ជំនួយក្នុងការបង្វឹកផ្នែកវេជ្ជសាស្រ្ត និងផ្តល់អាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលផ្នែកថែទាំកុមារ។
សកម្មភាពទាំងនោះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់ប្រទេសឡាវក្នុងការវះកាត់បេះដូងកុមារដោយឯករាជ្យក្នុងរយៈពេល ៥ឆ្នាំ។
គំនិតផ្តួចផ្តើមរយៈពេល ៥ឆ្នាំនេះ បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន ជាមួយនឹងការពិនិត្យទៅលើករណីចំនួន៩២ ដែលពាក់ព័ន្ធនឹងអ្នកជំងឺកុមារដែលមានអាយុចន្លោះពី ៣ខែដល់ ១២ឆ្នាំដែលមានជំងឺបេះដូងពីកំណើត។
យោងតាមលោក ពីរ៉ាផាត់ ម៉ូការ៉ាពង្ស (Pirapat Mokarapong) អគ្គលេខាធិការមូលនិធិវះកាត់បេះដូងកុមារ បានឱ្យដឹងថា អ្នកជំងឺចំនួន ៣៧នាក់ក្នុងចំណោម ៩២នាក់ត្រូវបានគេកំណត់ថាត្រូវការការវះកាត់ជាបន្ទាន់នៅក្នុងប្រទេសថៃ។
រហូតមកដល់ពេលនេះ កុមារ និងទារកចំនួន ២៩នាក់ ត្រូវបានផ្ទេរទៅកាន់ទីក្រុងបាងកក ដើម្បីប្រតិបត្តិការ។ ករណីធ្ងន់ធ្ងរចំនួនពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យជូឡាឡុងកន ខណៈដែលមន្ទីរពេទ្យកាសេមរ៉ាដ ត្រូវដោះស្រាយករណីដែលនៅសល់ចំនួន ២៧ករណី៕
ប្រភព៖ AKP