ឥណ្ឌូណេស៊ី​នឹង​ពង្រាយ​ប៉ូលិស​ជាង ​៥.០០០​នាក់​ដើម្បី​ធានាសម្រាប់​វេទិកា​ទឹក​ពិភពលោក

0

បរទេស៖ ប៉ូលិសឥណ្ឌូណេស៊ីនឹងត្រូវបានដាក់ពង្រាយជាង ៥.០០០នាក់ ដើម្បីធានាសន្តិសុខសម្រាប់វេទិកាទឹកពិភពលោកលើកទី១០ (WWF) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា នៅកោះបាលី ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី។

អគ្គអធិការប៉ូលិស និងជាប្រធានប៉ូលិសកោះបាលី លោក អ៊ីដា បាហ្គូស កាដេ ពុត្រា ណារេនដ្រា (Ida Bagus Kade Putra Narendra) បាននិយាយកាលពីថ្ងៃទី២១ ខែមេសាថា មន្រ្តីប៉ូលិសកោះបាលីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធជាតិ (TNI) និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីធានាសម្រាប់វេទិកាពិភពលោកមួយនេះ។

សន្តិសុខនៅវេទិកា WWF នឹងមានភាពស្រដៀងគ្នាទៅនឹងវេទិកានៃក្រុមប្រទេស G20 ដែរ។ លោកបាននិយាយ​បន្ត​ថា ទីកន្លែងវេទិកា​នឹង​ត្រូវ​បែង​ចែក​ជារង្វង់សន្តិសុខ​បី​កន្លែង​។

ប្រតិបត្តិការសន្តិសុខនឹងធ្វើឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា ដោយផ្តល់អាទិភាពទៅលើវិធានការបង្ការ និងទប់ស្កាត់ ជាមួយនឹងការចល័តកងកម្លាំងផ្សេងៗទៀត។

អគ្គលេខាធិការនៃក្រសួងសាធារណការ និងលំនៅឋានសាធារណៈឥណ្ឌូណេស៊ី លោក ម៉ូហាំម៉ាដ ហ្សៃណាល់ ហ្វាតាហ៍ (Mohammad Zainal Fatah) បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងស្នើគម្រោងយុទ្ធសាស្ត្រទាក់ទងនឹងទឹកដែលមានតម្លៃ ៩,៦ប៊ីលានដុល្លារអាម៉េរិកនៅក្នុងវេទិកានោះ។

លោក​បាននិយាយ​បន្ថែម​ថា គម្រោង​ទាំងនោះ​កំពុង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រសួង​ផែនការ​អភិវឌ្ឍន៍​ជាតិ។

យោងតាមរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក លូហ៊ុត ប៊ីនសារ ប៉ាន់ចៃតាន់ (Luhut Binsar Pandjaitan) បានឱ្យដឹងថា អ្នកតំណាងមកពីប្រទេសចំនួន១៩៣ គ្រោងនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកានោះ។ រហូតមកដល់ពេលនេះ ប្រមុខរដ្ឋចំនួន៨ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេរួចរាល់ហើយ។

ប្រធានបទ «ទឹកដើម្បីភាពចម្រុងចម្រើនរួមគ្នា» នៃវេទិកានាពេលខាងមុខនេះ នឹងគ្របដណ្តប់ទៅលើប្រធានបទរងចំនួនប្រាំមួយ គឺសន្តិសុខទឹក និងវិបុលភាព ទឹកសម្រាប់មនុស្ស និងធម្មជាតិ ការកាត់បន្ថយហានិភ័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលកិច្ច កិច្ចសហប្រតិបត្តិការ និងការទូតធារាសាស្ត្រ ហិរញ្ញវត្ថុទឹកប្រកបដោយនិរន្តរភាព និងចំណេះដឹង និងនវានុវត្តន៍៕

ប្រភព៖ AKP