បរទេស៖ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៩ ខែមេសា បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងអនុវត្តការអត់ធ្មត់ជាអតិបរមានៅតំបន់តាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍នោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅទីក្រុងមីយ៉ាវ៉ាដឌី ក្នុងរដ្ឋកាយីន និងក្នុងរដ្ឋរ៉ាឃីន ដែលមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ដើម្បីជៀសវាងផលវិបាកមនុស្សធម៌បន្ថែមទៀតពីការកើនឡើងនៃជម្លោះក្នុងទម្រង់ណាមួយនោះ អាស៊ានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងអនុវត្តការអត់ធ្មត់ជាអតិបរមា រក្សាគោលការណ៍មនុស្សធម៌អន្តរជាតិ និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីកាត់បន្ថយភាពតានតឹង និងធានាដល់កិច្ចការពារ និងសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់។
បណ្តារដ្ឋមន្ត្រីទាំងនោះ ក៏បានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ផងដែរ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះទៅលើជនស៊ីវិល រួមទាំងការបង្កើតបរិយាកាសសុវត្ថិភាព និងអំណោយផល ដើម្បីធានាដល់ការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕
ប្រភព៖ AKP