តំបន់មួយចំនួនរបស់ប្រទេស​ថៃត្រូវបាន​ព្យាករ​ថា​នឹង​ប្រឈមមុខ​នឹង​សីតុណ្ហភាពក្តៅ​ខ្លាំង

0

បរទេស៖ អាការៈឈឺក្បាល ទល់លាមក និងរមួលក្រពើ គឺជាអាការៈកំពូលទាំងបីដែលប្រជាជនក្នុងប្រទេសថៃទទួលរងការឈឺចាប់ក្នុងរដូវក្តៅ។ នេះបើយោងតាមនាយកដ្ឋានសុខភាពរបស់ប្រទេសថៃ។

លោកវេជ្ជបណ្ឌិត អាចារ៉ា នីធាភីនីយ៉ាសាគុល (Achara Nithiaphinyasakul) អគ្គនាយកនៃនាយកដ្ឋានសុខភាពរបស់ប្រទេសថៃ បាននិយាយថា ២១,៩% នៃអ្នកឆ្លើយសំណួរចំនួន ៦៨២នាក់នៅក្នុងការស្ទង់មតិសុខភាពរបស់នាយកដ្ឋាន មានអាការៈឈីក្បាលជាញឹកញាប់ក្នុងអំឡុងពេលរដូវក្តៅ បន្ទាប់មកអាការៈទល់លាមក (១៣,៦%) និងអាការៈរមួលក្រពើជើង និងក្បាលពោះ (១២,៧%)។

ការស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ក៏បានបង្ហាញផងដែរថា ៥២,៨% នៃអ្នកឆ្លើយតប មានការព្រួយបារម្ភកម្រិតមធ្យមអំពីឥទ្ធិពលដែលបណ្តាលមកពីសីតុណ្ហភាពក្តៅ ហើយ ១៩,៨% បង្ហាញពីការព្រួយបារម្ភខ្លាំង។

សម្រាប់ផែនការស្តីពីការការពារសុខភាព លោកវេជ្ជបណ្ឌិត អាចារ៉ា បាននិយាយថា ៩៣,៩% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេព្យាយាមញ៉ាំអាហារដែលទើបចម្អិនថ្មីៗដើម្បីការពារជំងឺរាគរូស។ ការស្ទង់មតិនោះបាននិយាយថា ពួកគេក៏បានរក្សាការប្រុងប្រយ័ត្នខ្ពស់ដោយការលាងដៃជាប្រចាំ (៩៣,៨%) និងផឹកទឹកជាប្រចាំ (៨៧,៨%)។

យោងតាមនាយកដ្ឋានឧតុនិយម បានឱ្យដឹងថា ខេត្ត និងទីក្រុងចំនួន១៥ ដែលរួមទាំងទីក្រុងបាងកកផងនោះ ​នឹងត្រូវរងផលប៉ះពាល់ដោយកម្រិតក្រហម ឬសន្ទស្សន៍កម្តៅដ៏គ្រោះថ្នាក់រហូតដល់ថ្ងៃទី២៧ ខែមេសា។

ដោយសារសន្ទស្សន៍កម្តៅខ្ពស់ប៉ះពាល់ដោយផ្ទាល់ដល់ស្ថានភាពសុខភាព លោកវេជ្ជបណ្ឌិត អាចារ៉ា បានព្រមានដល់ប្រជាជនអំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល៕

ប្រភព៖ AKP