ថៃ និង​នូវែលសេឡង់ព្រមព្រៀង​លើក​កម្ពស់​ទំនាក់ទំនង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ

0

បរទេស៖ ប្រទេសថៃ និងនូវែលសេឡង់ បានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅត្រឹមឆ្នាំ២០២៦ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតទ្វេភាគី។

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានធ្វើសេចក្តីប្រកាសខាងលើនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយសមភាគីនូវែលសេឡង់ លោក គ្រីស្តូហ្វឺរ លូសុន (Christopher Luxon) ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ។

ក្នុងជំនួបពិភាក្សានោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហានានាដែលគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ការអប់រំ ការវិនិយោគ ទិដ្ឋាការ ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខសាយប័រ។ ពួកគេក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងគោលដៅនៃការកើនឡើងពាណិជ្ជកម្មទ្វេភាគីឱ្យបានបីដងនៅត្រឹមឆ្នាំ២០៤៥។

ភាគីថៃក៏បានប្តេជ្ញាផងដែរថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលសេឡង់ក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានទាំងកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាអាហារ ថាមពលកកើតឡើងវិញ ឱសថ និងបច្ចេកវិទ្យាឌីជីថល។

នាយករដ្ឋមន្ត្រីថៃបានស្វាគមន៍ចំពោះបំណងរបស់ប្រទេសនូវែលសេឡង់ក្នុងការក្លាយជាដៃគូអភិវឌ្ឍន៍នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេអាយេយ៉ាវ៉ាឌី-ចៅផាយ៉ា-មេគង្គ (ACMECS) ដែលស្របតាមភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសនូវែលសេឡង់ជាមួយអាស៊ាន និងសេចក្តីប្រាថ្នាចង់ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាននៅត្រឹមឆ្នាំ២០២៥៕

ប្រភព៖ AKP