បរទេស៖ អាកាសយានដ្ឋានមួយក្នុងទីក្រុងម៉ាដាណូ ដែលជារដ្ឋធានីនៃខេត្តស៊ូឡាវេស៊ីខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានបញ្ជាឱ្យបិទ ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ ហើយការប្រកាសអាសន្នបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃទី១៨ ខែមេសា ដោយសារការផ្ទុះភ្នំភ្លើងរួង (Ruang) ដែលជាភ្នំភ្លើងដ៏ធំ។
កាលពីថ្ងៃទី១៧ ខែមេសា មជ្ឈមណ្ឌលបច្ចេកទេសភ្នំភ្លើង និងគ្រោះមហន្តរាយភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បានចេញផ្សាយការជូនដំណឹងអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីភ្នំភ្លើងរួង នៅភាគខាងជើងខេត្តស៊ូឡាវេស៊ី បានបន្តបញ្ចេញកម្អែភ្នំភ្លើង និងផេះឡើងទៅលើមេឃ។
មនុស្សជាង ១១.០០០នាក់ត្រូវបានស្នើសុំឱ្យជម្លៀសចេញ។ ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអាស៊ី (Air Asia) បានលុបចោលជើងហោះហើរជាមួយនឹងអាកាសយានដ្ឋានចំនួនប្រាំបួននៅម៉ាឡេស៊ីខាងកើត និងប្រ៊ុយណេ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍បានព្រមានពីការគំរាមកំហែងអំពីសុវត្ថិភាព។
មជ្ឈមណ្ឌលដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា បានជំរុញឱ្យមានការជម្លៀសអ្នកទេសចរ និងអ្នកស្រុកទាំងអស់ជាបន្ទាន់ក្នុងចម្ងាយ ៦គីឡូម៉ែត្រជុំវិញភ្នំភ្លើង រួមទាំងកោះរួង និងកោះតាហ្គូឡាន់ដាង ដែលនៅក្បែរនោះផងដែរ។
នៅពេលមុននេះ មជ្ឈមណ្ឌលនេះបានរាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានជម្លៀសអ្នកស្រុកចំនួន ៨២៨នាក់នៅលើកោះតាហ្គូឡាន់ដាង។
ភ្នំភ្លើងរួង មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីទីក្រុងម៉ាដាណូ ដែលមានកម្ពស់ ៧២៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ជាកន្លែងនៃប្រជុំបន្ទះទ្វីបដែលបង្កឱ្យមានសកម្មភាពភ្នំភ្លើង និងការរញ្ជួយដីញឹកញាប់។ វាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនភ្នំភ្លើងសកម្មច្រើនបំផុត៕
ប្រភព៖ AKP