បរទេស៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ភេត្រូ (Gustavo Petro) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចូលរួមរបស់ប្រទេសលោកទៅក្នុងក្រុមប្រទេសប្រ៊ីកស៍ (BRCIS) ខណៈដែលសមភាគីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) មានបំណងជួយសម្រួលដល់ការជួយគាំទ្របេក្ខភាពនៃប្រទេសជិតខាងមួយនេះ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលកូឡុំប៊ី បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីប្រេស៊ីល និងកូឡុំប៊ី បានឱ្យដឹងថា «លោកប្រធានាធិបតី ភេត្រូ បានបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសកូឡុំប៊ីក្នុងការចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ក្នុងនាមជាសមាជិកពេញសិទ្ធិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលលោកប្រធានាធិបតី លូឡា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានប្តេជ្ញាចិត្តក្នុងការជួយគាំទ្របេក្ខភាពរបស់ប្រទេសកូឡុំប៊ី»។
ក្រុមប្រទេសប្រ៊ីកស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ហើយបានពង្រីកជាលើកដំបូងនៅក្នុងឆ្នាំ២០១១ នៅពេលដែលប្រទេសអាហ្វ្រិកខាងត្បូងបានចូលរួមជាមួយប្រទេសស្ថាបនិកចំនួនបួនទៀត គឺប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ ការសម្រេចចិត្តអញ្ជើញប្រទេសចំនួនប្រាំមួយបន្ថែមទៀតឱ្យចូលរួមក្នុងក្រុមប្រទេសប្រ៊ីកស៍ ដែលរួមមានទាំងប្រទេសអាហ្សង់ទីនផងដែរនោះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសនេះនៅក្នុងទីក្រុងចូហាន់ណេសបឺក កាលពីក្នុងខែសីហា ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអាហ្សង់ទីនបានបដិសេធការអញ្ជើញឱ្យចូលរួមនោះកាលពីចុងខែធ្នូ។ សមាជិកថ្មីចំនួនប្រាំ (អេហ្ស៊ីប អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអេត្យូពី) បានក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុមប្រទេសប្រ៊ីកស៍ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤៕
ប្រភព៖ AKP