ការបោះឆ្នោតសភាចាប់ផ្តើមនៅប្រទេសក្រូអាត

0

បរទេស៖ ការបោះឆ្នោតសភានៅប្រទេសក្រូអាតបានចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធ ដោយមានបេក្ខជនចំនួន ២,៣០២នាក់ មកពីគណបក្សនយោបាយចំនួន ៥៩ និងបេក្ខជនឯករាជ្យបានប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន ១៥១អសនៈនៅក្នុងសភា។

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់រដ្ឋបានឱ្យដឹងថា អ្នកចុះឈ្មោះបោះឆ្នោតជាង ៣.៧៣លាននាក់ ទាំងក្នុង និងក្រៅប្រទេសត្រូវបានចុះឈ្មោះនៅក្នុងប្រទេសក្រូអាតនៅឆ្នាំនេះ។ លទ្ធផលដំបូងគេរំពឹងថា នឹងប្រកាសនៅល្ងាចថ្ងៃពុធ។

គណបក្សកំពូលទាំង២ គឺសហភាពប្រជាធិបតេយ្យក្រូអាតដែលកំពុងកាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រី លោក អានដ្រេច ផ្លេនកូវីក (Andrej Plenkovic) និងសម្ព័ន្ធភាពនៃគណបក្សដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសង្គមក្រូអាតកណ្តាលឆ្វេង។

ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិចុងក្រោយបង្ហាញថា គ្មានគណបក្សណាមួយនឹងអាចឈ្នះលើសពីពាក់កណ្តាលនៃអាសនៈដែលធ្វើឲ្យសម្ព័ន្ធពហុបក្សជៀសមិនរួច។ សភាក្រូអាតមានប្រព័ន្ធឯកតាដែលមាន ១៥១អាសនៈ និងអាណត្តិ ៤ឆ្នាំ។ សភាចុងក្រោយបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបានរំលាយនៅថ្ងៃទី១៤ ខែមីនា៕

ប្រភព៖ AKP