បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ីហ័រ លីមេនកូ (Ihor Klymenko) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និងជាង ៦០នាក់ផ្សេងទៀតបានរងរបួសកាលពីព្រឹកថ្ងៃពុធ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីទៅលើទីក្រុងឈ័រនីហីវ ភាគខាងជើងប្រទេសអ៊ុយក្រែន។
លោក លីមេនកូ បានសរសេរក្នុងសារបង្ហោះនៅលើតេឡេក្រាមថា មានកុមារ ២នាក់ស្ថិតក្នុងចំណោមអ្នករងរបួសនេះផងដែរ។
អនុប្រធានការិយាល័យប្រធានាធិបតី លោក អូឡេកស៊ី គូឡេបា (Oleksii Kuleba) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយមីស៊ីលចំនួន ៣គ្រាប់លើទីក្រុងបានបំផ្លាញអគារ ៨ជាន់ និងខូចខាតផ្ទះល្វែងចំនួន៤ មន្ទីរពេទ្យ កន្លែងអប់រំមួយ និងរថយន្តរាប់សិបគ្រឿង។
លោក អូឡេកសានដ័រ ឡូម៉ាកូ (Oleksandr Lomako) អភិបាលក្រុងឈ័រនីហីវស្តីទី បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងទីក្រុងនៅតែបន្ត៕
ប្រភព៖ AKP