ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​នៅតំបន់​ហ្គាហ្សា​កើន​ឡើង​ដល់ ៣៣,៨៩៩​នាក់

0

បរទេស៖ ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តបានកើនឡើងដល់ ៣៣,៨៩៩នាក់។

កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥៦នាក់ និងរបួស ៨៩នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៣,៨៩៩នាក់ និងរបួសដល់ ៧៦,៦៦៤នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះក្រុមជួយសង្គ្រោះ។

លោក អាវីចៃ អាដ្រេ (Avichai Adraee) អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យន្តហោះចម្បាំង និងយន្តហោះកងទ័ពអាកាសបានវាយឆ្មក់គោលដៅ     «ក្រុមភេរវករ» ជាង ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សា។

ប្រទេសអ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រភព៖ AKP