ចិនផ្តល់ជំនួយជាង ២០០ប៊ីលានយ័ន ពីថវិកាកណ្តាលសម្រាប់ការវិនិយោគ

0

បរទេស៖ មន្ត្រីផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសបាននិយាយកាលពីថ្ងៃពុធថា មូលនិធិថវិកាកណ្តាលជាង ២០០ប៊ីលានយ័ន (ប្រហែល ២៨.១៦ប៊ីលានដុល្លារអាម៉េរិក) ត្រូវបានផ្តល់ឲ្យដើម្បីពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាពរហូតមកដល់ពេលនេះ។

លោក លីវ ស៊ូសេ (Liu Sushe) អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានប្រាប់សន្និសីទសារព័ត៌មានថា មូលនិធិដែលបានកំណត់មានចំនួនច្រើនជាង ៣០% នៃចំនួនដែលបានគ្រោងទុកប្រចាំឆ្នាំ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិថវិកាកណ្តាល។

យោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅឆ្នាំនេះបានឱ្យដឹងថា​ ទឹកប្រាក់សរុបចំនួន ៧០០ប៊ីលានយ័ន នឹងត្រូវបានប្រមូលពីថវិការដ្ឋាភិបាលកណ្តាលសម្រាប់ការវិនិយោគក្នុងឆ្នាំ២០២៤។

ក្រៅពីមូលនិធិថវិកាកណ្តាល ប្រទេសចិនក៏មានគម្រោងបោះផ្សាយមូលបត្របំណុលគោលបំណងពិសេសចំនួន ៣.៩ទ្រីលានយ័ន សម្រាប់រដ្ឋាភិបាលក្នុងតំបន់ ពោលគឺកើនឡើង ១០០ប៊ីលានយ័ន ធៀបនឹងឆ្នាំមុន។

លោក លីវ បាននិយាយថា គណៈកម្មាការបានបញ្ចប់ការជ្រើសរើសបឋម នៃគម្រោងមូលបត្របំណុលគោលបំណងពិសេសរបស់រដ្ឋាភិបាលក្នុងតំបន់ ដោយលោកបានបន្ថែមថា បណ្តុំនេះមានគម្រោងជាច្រើន និងតម្រូវការដើមទុនដ៏ធំ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចេញ និងប្រើប្រាស់មូលបត្របំណុលរដ្ឋាភិបាលក្នុងតំបន់។

លោក លីវ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីលើកកម្ពស់ការអនុវត្តគម្រោងដែលគាំទ្រដោយមូលបត្របំណុលរតនាគារបន្ថែមចំនួន ១ទ្រីលានយ័ន  ដែលបានបែងចែកក្នុងឆ្នាំ២០២៣។ គណៈកម្មការបានបែងចែកថវិកាដល់គម្រោងចំនួន ១៥,០០០គម្រោង ហើយនឹងជំរុញគម្រោងទាំងនេះឱ្យចាប់ផ្តើមសាងសង់មុនដំណាច់ខែមិថុនា៕

ប្រភព៖ AKP