ផ្លូវរថភ្លើងល្បឿនលឿនចាការតា-បានឌុង បាន​បើកដំណើរការរយៈពេល ៦ខែ ជាមួយនឹងអ្នកដំណើរ ២.៥៦លាននាក់

0

បរទេស៖ ក្រុមហ៊ុនភីធី កេរេតា​ សេផាត ឥណ្ឌូនេស៊ី-ឆាយណា (PT Kereta Cepat Indonesia-China) (KCIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី និងចិនដែលបានសាងសង់បាននិយាយថា ផ្លូវរថភ្លើងល្បឿនលឿនចាការតា-បានឌុង (Jakarta-Bandung) បានកំណត់ប្រតិបត្តិការរយៈពេល ៦ខែរបស់ខ្លួនកាលពីថ្ងៃពុធ ជាមួយនឹងអ្នកដំណើរសរុបចំនួន ២.៥៦លាននាក់។

យោងតាមក្រុមហ៊ុន KCIC បានឱ្យដឹងថា ចាប់តាំងពីប្រតិបត្តិការពាណិជ្ជកម្មផ្លូវការរបស់ខ្លួននៅពាក់កណ្តាលខែតុលាឆ្នាំមុន ផ្លូវរថភ្លើងនេះបានដំណើរការរថភ្លើងសរុបចំនួន ៧,០៥០ដង ជាមួយនឹងចម្ងាយជាង ១.២៦លានគីឡូម៉ែត្រ។

នាពេលបច្ចុប្បន្ន ការធ្វើដំណើរតាមរថភ្លើងប្រចាំថ្ងៃរបស់ផ្លូវរថភ្លើងនេះ បានកើនឡើងពី ១៤ដង ទៅ៥២ដង ហើយចំនួនកៅអីអ្នកដំណើរបានកើនឡើងពី ៨,៤០០កៅអី ដល់ជាង ៣១,០០០កៅអី។ ចំនួនអ្នកដំណើរខ្ពស់បំផុតដែលត្រូវបានបញ្ជូនក្នុងមួយថ្ងៃគឺ ២១,៥៣៧នាក់ ខណៈអត្រាកាន់កាប់កៅអីប្រចាំថ្ងៃខ្ពស់បំផុតត្រូវបានកត់ត្រានៅ ៩៩.៦%។

ក្រមហ៊ុន KCIC បាននិយាយថា ខ្លួនបានទាក់ទាញយ៉ាងពេញលេញនូវបទពិសោធន៍ដ៏សម្បូរបែបរបស់ប្រទេសចិនជាមួយរថភ្លើងល្បឿនលឿន ដើម្បីអនុវត្តន៍ការគ្រប់គ្រងប្រតិបត្តិការ និងការថែទាំ ដោយឆ្លើយតបបានត្រឹមត្រូវចំពោះលក្ខខណ្ឌអាកាសធាតុខ្លាំង ដូចជាភ្លៀងធ្លាក់ខ្លាំង និងព្យុះទីហ្វុង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវប្រតិបត្តិការរលូននៃផ្លូវដែក និងសុវត្ថិភាពនៃអ្នកដំណើរ។

លើសពីនេះ ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរឱ្យកាន់តែប្រសើរឡើង គោលការណ៍ថ្លៃឈ្នួលថាមវន្តត្រូវបានណែនាំ ហើយកាលវិភាគប្រតិបត្តិការត្រូវបានធ្វើឱ្យប្រសើរ និងគ្រឿងបរិក្ខារនៅស្ថានីយ៍រថភ្លើងត្រូវបានកែលម្អ។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ផ្លូវរថភ្លើងល្បឿនលឿន ដែលជាប្រភេទផ្លូវដែកដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍ បានឈានដល់សញ្ញានៃការដឹកជញ្ជូនអ្នកដំណើរចំនួន ២លាននាក់នៅដើមខែមីនា។

លោក សេពតាន ហារ៉ូ សេតូ (Septian Hario Seto) អនុរដ្ឋមន្ត្រីនៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ផ្លូវដែកបានផ្លាស់ប្តូរការធ្វើដំណើររវាងទីក្រុងចាការតា និងទីក្រុងបានឌុង ដោយផ្លាស់ប្តូរពីផ្លូវហាយវេទៅជាផ្លូវដែក។

លោក សេតូ បាននិយាយថា «ខ្ញុំមានទំនុកចិត្តថា នៅពេលអនាគត គំរូនៃការចល័តរបស់យើងនឹងវិវឌ្ឍន៍ពីការដឹកជញ្ជូនបុគ្គលទៅជាវិធីសាស្រ្តដែលផ្តោតលើការដឹកជញ្ជូនច្រើន»។ ជាមួយនឹងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្លូវដែកនេះមានប្រវែង ១៤២.៣គីឡូម៉ែត្រ បានកាត់បន្ថយការធ្វើដំណើររវាងរដ្ឋធានីចាការតារបស់ប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីក្រុងបានឌុង ក្នុងខេត្តចាវ៉ា ភាគខាងលិច ពីរយៈពេលជាង ៣ម៉ោង មកនៅប្រហែល ៤០នាទីប៉ុណ្ណោះ៕

ប្រភព៖ AKP