ភ្នំភ្លើងរួងរបស់ឥណ្ឌូណេស៊ីផ្ទុះឡើង ហើយមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ

0

បរទេស៖ ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃទី១៧ ខែមេសាថា មនុស្សយ៉ាងហោចណាស់ ៨០០នាក់នៅក្នុងខេត្តស៊ូឡាវេស៊ីខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើងរួង (Ruang) ក្នុងតំបន់នោះបានបញ្ចេញកម្អែភ្នំភ្លើង និងផេះទៅលើមេឃអស់រយៈពេលជាច្រើនថ្ងៃ។

ភ្នំភ្លើងនោះ​បាន​ផ្ទុះ​យ៉ាង​ហោច​ណាស់​បី​ដង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី១៦ ខែ​មេសាមក។

លោក ហេរូនីងទីយ៉ាស់ ដេស៊ី ពូណាម៉ាសារី (Heruningtyas Desi Purnamasari) មន្ត្រីនៅមជ្ឈមណ្ឌលបន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយភូមិសាស្ត្រឥណ្ឌូណេស៊ី (PVMBG) បាននិយាយថា អាជ្ញាធរក្នុងតំបន់បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតទីពីរ បន្ទាប់ពីសកម្មភាពភ្នំភ្លើងនោះមានការកើនឡើង។

ការផ្ទុះភ្នំភ្លើងនោះត្រូវបានបង្កឡើងដោយការរញ្ជួយដីកាលពីពេលថ្មីៗនេះនៅលើខេត្តកោះមួយនេះ ដោយភ្នំនោះបានបញ្ចេញពពកក្តៅដែលបង្កគ្រោះថ្នាក់ និងផ្ទុះឡើងដល់កម្ពស់ ១,៨គីឡូម៉ែត្រទៅលើមេឃ។

លោក ហេរូនីងយ៉ាស់ បាននិយាយថា កោះរួង គឺជាជម្រករបស់អ្នកស្រុកប្រហែល ៨៤០នាក់ ដែលភាគច្រើនត្រូវបានជម្លៀសទៅកាន់កោះតាហ្គូឡាន់ដាងដែលនៅជិតបំផុតនាពេលបច្ចុប្បន្ននេះ។

ភ្នំភ្លើងរួងស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីទីក្រុងម៉ាណាដូរបស់ខេត្តស៊ូឡាវេស៊ីខាងជើង និងមានកម្ពស់ ៧២៥ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។

ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាកន្លែងបង្កឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីញឹកញាប់។ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ីមានភ្នំភ្លើងសកម្មប្រមាណជិត១៣០៕

ប្រភព៖ AKP