បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស (Ferdinand Marcos) បាននិយាយកាលពីពេលថ្មីៗនេះថា ប៉ូលិសហ្វីលីពីនបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួន ១,៨តោន ដោយពណ៌នាថា នេះជាកំណត់ត្រានៃការបង្រ្កាបរឹបអូសគ្រឿងញៀននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប៉ូលិសបានរកឃើញថ្នាំញៀនខុសច្បាប់ដែលប៉ាន់ស្មានថាមានតម្លៃជាង ២៣០លានដុល្លារអាម៉េរិក ក្នុងអំឡុងពេលឆែកឆេររថយន្តនៅក្នុងខេត្តបាតាំងហ្កាស់ នៅភាគខាងត្បូងទីក្រុងម៉ានីល។ អ្នកបើកបរត្រូវបានចាប់ខ្លួន ហើយប៉ូលិសកំពុងតាមដានប្រភពថ្នាំញៀននោះ។
លោក ម៉ាកូស បាននិយាយថា អាជ្ញាធរបានអនុវត្តប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្ន ព្រោះគ្មាននរណាម្នាក់ស្លាប់ គ្មានការបាញ់ប្រហារ និងគ្មាននរណាម្នាក់រងរបួសនោះទេ។
លោកបាននិយាយបន្តថា នេះជាវិធីសាស្ត្រត្រឹមត្រូវនៅក្នុងសង្គ្រាមគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីនបានចាត់វិធានការជាច្រើនដើម្បីជំរុញការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
ប្រភព៖ AKP