បរទេស៖ ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃទី១៦ ខែមេសាថា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) នឹងទទួលតួនាទីជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី ដែលទំនងជាមិនមានការផ្លាស់ប្តូរធំដុំនោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សិង្ហបុរី បានឱ្យដឹងថា លោក វ៉ុង នឹងប្រកាសពីការរៀបចំគណៈរដ្ឋមន្រ្តីថ្មីរបស់លោកនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពីរបីថ្ងៃមុនពេលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៤ របស់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៥ ខែឧសភា នៅវិមានអ៊ីស្តាណានាពេលខាងមុខនេះ។
លោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីធំជាងនេះ ទំនងជានឹងធ្វើឡើងតែបន្ទាប់ពីការបោះឆ្នោតជាសកលប៉ុណ្ណោះ ដែលវាគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំនេះ។
លោក វ៉ុង បាននិយាយថា ឥឡូវនេះ គណៈរដ្ឋមន្ត្រីទំនងជាមិនមានការផ្លាស់ប្តូរធំដុំទេ ដោយសារប្រព័ន្ធដំណើរការដោយឈរលើមូលដ្ឋាននៃការបន្ត និងការវិវឌ្ឍជាលំដាប់។
លោក វ៉ុង ត្រូវបានតែងតាំងជាប្រធានក្រុមនៃគណបក្សសកម្មភាពប្រជាជនជំនាន់ទីបួន (PAP) កាលពីពីរឆ្នាំមុន ដោយដាក់លោកជាអ្នកបន្ទាប់សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី។ លោកមានភាពលេចធ្លោខណៈដែលជួយសម្របសម្រួលប្រទេសសិង្ហបុរីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
លោកនឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់ប្រទេសសិង្ហបុរីចាប់តាំងពីទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៦៥ ដែលដើរតាមគន្លងរបស់លោក លី សៀនឡុង លោក កូ ចុកតុង (Goh Chok Tong) (ឆ្នាំ១៩៩០) និងលោក លី ក្វាន់យូ (Lee Kuan Yew) (ឆ្នាំ១៩៥៩)៕
ប្រភព៖ AKP