សៀវភៅការទូតឆ្នាំ២០២៤ របស់ជប៉ុន បង្ហាញអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

0

បរទេស៖ ក្រសួងការបរទេសជប៉ុន បានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា អំពីសៀវភៅផែនទីការទូតឆ្នាំ២០២៤ របស់ខ្លួន ដែលបញ្ជាក់អំពីទិសដៅរបស់ប្រទេសជប៉ុនក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន។

សៀវភៅនេះបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បានណែនាំនូវកំណែថ្មីនៃគំនិតផ្តួចផ្តើមតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ដែលបានប្រកាសដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) កាលពីក្នុងខែមីនា ឆ្នាំ២០២៣ ដោយសង្កត់ធ្ងន់ទៅលើវិស័យអាទិភាពចំនួន៤ សម្រាប់កិច្ចសហប្រតិបត្តិការ គឺកិច្ចសហប្រតិបត្តិការដែនសមុទ្រ ការតភ្ជាប់ប្រកប ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងការតភ្ជាប់សេដ្ឋកិច្ច។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ប្រទេសជប៉ុនបានប្រកាសពីគំនិតផ្តួចផ្តើមនៃការតភ្ជាប់គ្រប់ជ្រុងជ្រោយរវាងជប៉ុន-អាស៊ាន ដើម្បីពង្រីកបន្ថែមទៀតនូវទិដ្ឋភាពដែលភាគីទាំងពីរអាចភ្ជាប់ទំនាក់ទំនងបាន។ ដោយឈរលើមូលដ្ឋាននោះ ក្នុងកិច្ចប្រជុំកំពូលពិសេសជប៉ុន-អាស៊ាន នាខែធ្នូ ឆ្នាំ២០២៣ ភាគីទាំងពីរបានគូសបញ្ជាក់អំពីចក្ខុវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងផែនការអនុវត្តសកម្មភាពសហប្រតិបត្តិការទ្រង់ទ្រាយធំជាបន្តបន្ទាប់៕

ប្រភព៖ AKP