បរទេស៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានតែងតាំងអតីតឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំប្រទេសហ្វីលីពីន លោក គីម ជេស៊ីន (Kim Jae-shin) ជាអគ្គលេខាធិការថ្មីរបស់ខ្លួន។ នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី១៦ ខែមេសា។
លោក គីម គឺជាអ្នកការទូតអាជីពដែលដឹកនាំបេសកកម្មរបស់កូរ៉េខាងត្បូងនៅប្រទេសហ្វីលីពីនពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ បន្ទាប់ពីបម្រើការជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសអាល្លឺម៉ង់ក្នុងអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។
លោកធ្លាប់ជាអនុរដ្ឋមន្ត្រីការបរទេស និងជាលេខាប្រធានាធិបតីសម្រាប់កិច្ចការបរទេសក្នុងអំឡុងរដ្ឋបាលរបស់លោក លី យុងបាក (Lee Myung-bak) ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។
មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ពន្លឿនការវិនិយោគ ជំរុញទេសចរណ៍ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងអាស៊ាន និងកូរ៉េខាងត្បូង។
ប្រទេសជាសមាជិករបស់មជ្ឈមណ្ឌលនោះ រួមមានប្រទេសកូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ការតែងតាំងលោក គីម បានកើតឡើងនៅពេលដែលមជ្ឈមណ្ឌលនេះកំពុងប្រារព្ធខួបលើកទី១៥ របស់ខ្លួន ខណៈដែលប្រទេសកូរ៉េខាងត្បូង និងអាស៊ានគ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេ ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនារបស់ពួកគេនៅក្នុងឆ្នាំនេះ។
មជ្ឈមណ្ឌលបាននិយាយថា បទពិសោធន៍ និងជំនាញការទូតដ៏សម្បូរបែបរបស់លោក គីម ក្នុងកិច្ចការអាស៊ាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ានឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន នៅក្នុងខែតុលា ឆ្នាំនេះ៕
ប្រភព៖ AKP