ការកើនឡើងកម្តៅដ៏គ្រោះថ្នាក់វាយប្រហារតំបន់ជាច្រើនក្នុងប្រទេសហ្វីលីពីន

0

បរទេស៖ យោងតាមរដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បានឱ្យដឹងថា សន្ទស្សន៍កម្តៅ (HI) នៅក្នុងតំបន់ចំនួន៩ នៃប្រទេសហ្វីលីពីន គឺស្ថិតក្នុងកម្រិត «គ្រោះថ្នាក់» កាលពីថ្ងៃទី១៥ ខែមេសា។

ទីភ្នាក់ងារនេះបានព្យាករណ៍ថា អាកាសធាតុអាក្រក់អាចអូសបន្លាយរហូតដល់ខែឧសភា ដោយសារឥទ្ធិពលនៃបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino) ស្របពេលនឹងរដូវប្រាំងនៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋបាល PAGASA បានព្យាករណ៍ថា HI នៅសីតុណ្ហភាព ៤៣អង្សាសេដែលជាកម្រិតគ្រោះថ្នាក់ អាចកើតឡើងនៅក្នុងតំបន់ចំនួន៤ ដែលរួមមានទាំងទីក្រុងដាគូប៉ាន់ (ខេត្តប៉ាងហ្កាស៊ីណាន) ទីក្រុងអាប៉ារី និងទីក្រុងទូគូហ្ការ៉ាអូ (ខេត្តកាហ្កាយ៉ាន) និងទីក្រុងអាបូឡាន់ (ខេត្តប៉ាឡាវ៉ាន់)។ សន្ទស្សន៍ HI នៅសីតុណ្ហភាព ៤២អង្សាសេ អាចកើតឡើងនៅក្នុងតំបន់ចំនួន៥ ផ្សេងទៀត ដែលរួមមានតំបន់អេចាគូ (ខេត្តអ៊ីសាប៊ែលឡា) តំបន់ព័រតូ ព្រីនសេសា (ខេត្តប៉ាឡាវ៉ាន់) តំបន់រ៉ូសាស់ (ខេត្តកាពីហ្ស) និងទីក្រុងហ្សាំបូអាងហ្កា និងទីក្រុងកូតាបាតូ។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ HI ដែលបង្ហាញពីអារម្មណ៍នៃសីតុណ្ហភាពចំពោះរាងកាយមនុស្ស នៅពេលដែលសំណើមដែលទាក់ទងត្រូវបានរាប់បញ្ចូលជាមួយសីតុណ្ហភាពខ្យល់ ត្រូវបានគេព្យាករណ៍ថានឹងមានចាប់ពី ៣៩-៤០អង្សាសេនៅក្នុងរដ្ឋធានីម៉ានីល។

រដ្ឋបាល PAGASA បាននិយាយថា កម្រិត «គ្រោះថ្នាក់» នៃសន្ទស្សន៍ HI ស្ថិតនៅចន្លោះពី ៤២-៥១ អង្សាសេ ដែលអាចបណ្តាលឱ្យមានអាការៈរមួលក្រពើ ហត់នឿយកំដៅ និងជំងឺដាច់សរសៃឈាមខួរក្បាល។ ទន្ទឹមនឹងនេះដែរ កម្រិត «គ្រោះថ្នាក់ខ្លាំង» នៃសន្ទស្សន៍ HI គឺចាប់ពី ៥២អង្សារសេឡើងទៅ ដែលអាចបណ្តាលឱ្យមានករណីគាំងបេះដូងភ្លាមៗដោយសារកម្តៅ។

ដោយមើលឃើញពីលក្ខខណ្ឌទាំងនេះ ទើបរដ្ឋបាល PAGASA បានផ្តល់ដំបូន្មានដល់សាធារណជនឱ្យកំណត់សកម្មភាពក្រៅផ្ទះ ជាពិសេសនៅពេលថ្ងៃត្រង់ ហើយត្រូវរក្សាជាតិទឹកដោយការផឹកទឹកឱ្យបានច្រើន។ លើសពីនេះទៀត បុគ្គលដែលចេញទៅក្រៅត្រូវបានជំរុញឱ្យប្រើប្រាស់ឆ័ត្រ មួក និងសម្លៀកបំពាក់ការពារកម្តៅថ្ងៃ។

កាលពីដើមខែនេះ មន្ត្រីអប់រំហ្វីលីពីនបាននិយាយថា សាលារៀនរាប់រយក្នុងប្រទេស រួមទាំងសាលាជាច្រើនក្នុងទីក្រុងម៉ានីលផងដែរនោះ ត្រូវប្តូរទៅរៀនតាមប្រព័ន្ធអនឡាញដើម្បីធានាដល់សុខភាពសិស្សានុសិស្សដោយសារអាកាសធាតុក្តៅ៕

ប្រភព៖ AKP