បរទេស៖ ឧបនាយករដ្ឋមន្រ្ដីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៥ ខែឧសភាខាងមុខ។
បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅវេលាម៉ោង ៨:០០យប់ថ្ងៃទី១៥ ខែឧសភា នៅវិមានអ៊ីស្តាណា លោក វ៉ុង នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់ប្រទេសសិង្ហបុរី។
លោក វ៉ុង បានបង្ហោះនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) ថា លោកទទួលស្គាល់នូវកិត្តិយសក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយលោកបាននិយាយថាលោកទទួលយកការទទួលខុសត្រូវនៃតំណែងនេះដោយស្មារតីបំពេញកាតព្វកិច្ចដ៏ជ្រាលជ្រៅ។
លោកបាននិយាយបន្ថែមថា «ខ្ញុំសន្យានឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីអ្នកក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយដោយសារការរួបរួមគ្នា យើងអាចកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជនសិង្ហបុរីទាំងអស់»។
លោក វ៉ុង ត្រូវបានតែងតាំងជាប្រធានក្រុមនៃគណបក្សសកម្មភាពប្រជាជនជំនាន់ទីបួន (PAP) កាលពីពីរឆ្នាំមុន ដោយដាក់រូបលោកជាអ្នកបន្ទាប់សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី។ លោកមានភាពលេចធ្លោ ខណៈដែលជួយសម្របសម្រួលប្រទេសសិង្ហបុរីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកនឹងក្លាយជាមេដឹកនាំទី៤ របស់ប្រទេសសិង្ហបុរីចាប់តាំងពីទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៦៥ ដែលដើរតាមគន្លងរបស់លោក លី សៀនឡុង (Lee Hsien Loong) លោក កូ ចុកតុង (Goh Chok Tong) (ឆ្នាំ១៩៩០) និងលោក លី ក្វាន់យូ (Lee Kuan Yew) (ឆ្នាំ១៩៥៩)៕
ប្រភព៖ AKP