បរទេស៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានចេញការព្រមានជាមុនដោយស្នើឱ្យភ្ញៀវទេសចរក្នុងស្រុក និងបរទេស រក្សាការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម (DHF) ដែលកំពុងកើនឡើងនៅលើកោះបាលី។
ប្រធាននាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង លោក អ៊ីមរ៉ាន់ ប៉ាមប៊ូឌី (Imran Pambudi) បាននិយាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារនេះបានផ្តល់ការព្រមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីដាស់តឿនដល់ប្រជាជនឱ្យប្រុងប្រយ័ត្នជាមួយនឹងជំងឺគ្រុនឈាម ដែលជាធម្មតាកើនឡើងនៅដើមឆ្នាំ។
ការព្រមាននេះត្រូវបានធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរអូស្ត្រាលីជាច្រើននាក់ត្រូវបានគេរកឃើញថាមានជំងឺគ្រុនឈាមក្នុងអំឡុងពេលសម្រាករយៈពេល ១០ថ្ងៃនៅលើកោះបាលី។
លោក ប៉ាមប៊ូឌី បាននិយាយថា ក្រសួងសុខាភិបាលបានចេញសារាចរណែនាំដល់សេវាសុខភាពទាំងអស់ទាក់ទងនឹងការយល់ដឹងអំពីជំងឺគ្រុនឈាម។
លោកបាននិយាយបន្តថា លោកមិនអាចបញ្ជាក់ពីចំនួនករណីជំងឺគ្រុនឈាមក្នុងចំណោមអ្នកទេសចរនៅលើកោះបាលីបានទេ ប៉ុន្តែអាជ្ញាធរសុខាភិបាលក្នុងតំបន់ត្រូវបានស្នើឱ្យធានាពីចំនួនគ្រែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងថ្នាំសម្រាប់អ្នកជំងឺគ្រុនឈាម។
មុនពេលនេះបន្តិច អ្នកទេសចរជនជាតិអូស្ត្រាលីម្នាក់បានចែករំលែកនៅលើគណនីហ្វេសប៊ុករបស់នាងអំពីវិស្សមកាលរបស់នាងនៅកោះបាលី ដោយរៀបរាប់ថា នាងបានឆ្លងជំងឺគ្រុនឈាមពេលនៅលើកោះទេសចរណ៍មួយនេះ។ អ្នកទេសចរផ្សេងទៀតក៏បានរាយការណ៍ថា មានរោគសញ្ញាជាច្រើននៃជំងឺនេះ ដូចជាការឈឺចាប់ធ្ងន់ធ្ងរ ក្អួតមិនអាចគ្រប់គ្រងបាន និងសីតុណ្ហភាពរាងកាយឡើងដល់លើសពី ៣៩អង្សាសេ៕
ប្រភព៖ AKP