គ្រោះថ្នាក់​ចរាចរណ៍ក្នុងអំឡុង​ពិធីសង្ក្រាន្ត​នៅ​ប្រទេស​ថៃ​ធ្លាក់​ចុះ​ជាង ​១០%

0

បរទេស៖ អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃទី១៦ ខែមេសាថា ចំនួននៃគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលប្រាំថ្ងៃដំបូងនៃសប្តាហ៍យុទ្ធនាការសុវត្ថិភាពចរាចរណ៍នៃពិធីបុណ្យសង្រ្កាន្តឆ្នាំថ្មី បានធ្លាក់ចុះ ១០,៤% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១.៥៦៤ករណី។

គ្រោះថ្នាក់ចរារចណ៍​បាន​សម្លាប់​មនុស្សចំនួន ២០៦នាក់ និង​របួស ១.៥៩៣នាក់​ផ្សេង​ទៀត ​ចាប់​ពី​ថ្ងៃ​ទី១១ ដល់ថ្ងៃទី១៥ ខែ​មេសា បើ​ធៀប​នឹងករណីស្លាប់ចំនួន ២០០នាក់ និង ១.៧៣៧នាក់ ដែលត្រូវ​បាន​កត់ត្រា​ក្នុង​ឆ្នាំ​មុន។

លោក ចុលណាន ស្រ៊ីកែវ (Cholnan Srikaew) រដ្ឋមន្ត្រី​ក្រសួង​សុខភាព​សាធារណៈរបស់ប្រទេសថៃ ​បាននិយាយ​ថា ​ក្នុង​ចំណោម​ខេត្ត​ចំនួន៧៧ មាន ១៧ខេត្តដែលមិន​មានកត់ត្រាករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលបណ្តាលឱ្យស្លាប់​រហូត​មក​ដល់​ពេល​នេះ។

ខេត្តឈៀងរ៉ៃដែលនៅភាគខាងជើងបំផុត មានគ្រោះថា្នក់ចរាចរណ៍ច្រើនជាងគេ ដែលមានចំនួន ៦១ករណី ចំណែកខេត្តណានដែលនៅភាគខាងជើងផងដែរនោះ មានអ្នករបួសច្រើនជាងគេចំនួន ៦០នាក់។ ទីក្រុងបាងកក និងខេត្តឈៀងរ៉ៃ មានអ្នកស្លាប់ច្រើនជាងគេ ដែលនីមួយៗកត់ត្រាក្នុងចំនួន ១៣ករណី។

មូល​ហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ គឺ​បណ្តាល​មកពីការបើកបរលើស​ល្បឿន ដែលមានចំនួន ​៤៣,២​% បើកបរដោយស្ថានភាពស្រវឹងចំនួន ​២៣,៩​% និងការបើកបរឆ្លងផ្លូវចំនួន ​១៥,៣%។ នៅក្នុងករណីសរុបនៃគ្រោះថ្នាក់ទាំងនោះ មានម៉ូតូ​ចំនួន ៨៣,៨%។

ជាមួយគ្នានេះដែរ លោក រឿងសាក់ ស៊ូវ៉ារី (Ruangsak Suwaree) អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា មានករណីល្មើសច្បាប់ចរាចរណ៍ចំនួន ៤.១៣២ករណី ដោយក្នុងនោះ ៩៦% ពាក់ព័ន្ធនឹងការបើកបរក្នុងស្ថានភាពស្រវឹង។

ផ្លូវថ្នល់នានា​របស់​ប្រទេស​ថៃ​ជា​ផ្លូវ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​នៅតំបន់​អាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ២០១៨ អង្គការសុខភាពពិភពលោកបានដាក់ចំណាត់ថ្នាក់ប្រទេសថៃជាប្រទេសលេខ៩ ដែលមានអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត ដោយមានអ្នកស្លាប់ចំនួន ៣២,៧នាក់ក្នុងចំណោមប្រជាជន ១០០.០០០នាក់ក្នុងមួយឆ្នាំៗ៕

ប្រភព៖ AKP