បរទេស៖ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋបាលទីក្រុងបាងកក (BMA) គ្រោងនឹងពង្រីកការគ្របដណ្តប់នៃគម្រោងសន្តិសុខស្បៀងរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀតនៅក្នុងរាជធានីមួយនេះ។
យោងតាមនាយកការិយាល័យអភិវឌ្ឍន៍សង្គមរបស់ BMA លោក សាន់យ៉ាកន អូនមីស្រ៊ី (Sanyakorn Ounmeesri) បានឱ្យដឹងថា BMA បានអនុវត្តគម្រោងនានាដែលត្រូវបានគេស្គាល់ថាជាគម្រោងអតិរេកស្បៀងអាហារ (Food Surplus) និង ធនាគារស្បៀងអាហារ BKK (BKK Food Bank) នៅក្នុងខ័ណ្ឌចំនួន១០ ក្នុងចំណោមខ័ណ្ឌទាំង៥០ ក្នុងគោលបំណងជួយធានាសន្តិសុខស្បៀងអាហាររបស់អ្នករស់នៅទីក្រុង ដោយការកែលម្អការបែងចែកធនធាននៅក្នុងវិធីសមធម៌។
លោកបាននិយាយថា គម្រោងអតិរេកស្បៀងអាហារដែលគ្រប់គ្រងដោយមូលនិធិ Scholars of Sustenance Foundation (SOS) និងមូលនិធិ VV Share Foundation បានប្រមូលអាហារដែលនៅសេសសល់ដែលមិនទាន់ប្រើប្រាស់ដែលត្រូវបានបរិច្ចាគដោយដៃគូគម្រោងនានា ដើម្បីចែកចាយឡើងវិញដល់ក្រុមដែលងាយរងគ្រោះនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ អាហារចំនួន ៤៤,៨០តោន ដែលស្មើនឹងជាង ១៨៨.១៨០អាហារស្តង់ដារត្រូវបានចែកចាយឡើងវិញ។
លោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ គម្រោងបានផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋវ័យចំណាស់ចំនួន ៩.១៥៨នាក់ ជនក្រីក្រចំនួន ២.៣៣៨នាក់ កុមារក្រីក្រចំនួន ៣.១៣៥នាក់ កុមារកំព្រាចំនួន ១.៤៦១នាក់ ជនពិការចំនួន ១.១១៣នាក់ អ្នកជំងឺដេកលើគ្រែចំនួន ៧៤២នាក់ និងជនអនាថាចំនួន ១៨៤នាក់ ។
លោក សាន់យ៉ាកន បាននិយាយបន្ថែមថា គម្រោងនេះក៏បានជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតរបស់ទីក្រុងបានជាង ១១៣តោនផងដែរ។
ទន្ទឹមនឹងនោះដែរ គម្រោងធនាគារស្បៀងអាហារ BKK ត្រូវបានបង្កើតឡើងនៅតាមខ័ណ្ឌនានា ដើម្បីឱ្យប្រជាពលរដ្ឋដែលមានតម្រូវការអាចទទួលបានសម្ភារៈចាំបាច់ជាមូលដ្ឋានដែលផ្តល់ដោយម្ចាស់ជំនួយ។
លោក សាន់យ៉ាកន បាននិយាយថា BMA គ្រោងនឹងពង្រីកកម្មវិធីទាំងពីរនេះដើម្បីគ្របដណ្តប់ទៅលើខ័ណ្ឌទាំង៥០ នៃទីក្រុងបាងកក ដែលអាចធ្វើទៅបាននៅត្រឹមចុងឆ្នាំនេះ៕
ប្រភព៖ AKP