ឥណ្ឌូណេស៊ី​ពន្លឿន​ការ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​ស្រុក

0

បរទេស៖ ទីភ្នាក់ងារភស្តុភាររដ្ឋរបស់ឥណ្ឌូណេស៊ី (Bulog) បានប្រកាសថា ទីភ្នាក់ងារបានទិញអង្ករមិនទាន់កែច្នៃ (GKP) ចំនួន ១២០.០០០តោនពីកសិករតាមរយៈលទ្ធកម្មអង្ករក្នុងស្រុក។

ប្រធានទីភ្នាក់ងារ Bulog លោក បាយូ គ្រីស្នាមូធី (Bayu Krisnamurthi) បាននិយាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារ Bulog កំពុងបន្តទិញអង្ករក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យ Eid al Fitr ដែលមានរយៈពេល ១០ថ្ងៃ។

គិតត្រឹមថ្ងៃទី១៤ ខែមេសា ទីភ្នាក់ងារ Bulog បានទិញស្រូវ GKP ប្រហែល ១២០.០០០តោន ឬស្មើនឹងអង្ករចំនួន ៦៤.០០០តោន។ តំបន់ដែលមានការផ្គត់ផ្គង់ស្រូវ GKP សំខាន់ៗ រួមមានខេត្តកោះជ្វាខាងកើត ខេត្តកោះជ្វាកណ្តាល ខេត្តកោះជ្វាខាងលិច ខេត្តនូសា តេងហ្ការ៉ាខាងលិច ខេត្តកោះស៊ូម៉ាត្រាខាងត្បូង និងខេត្តយ៉ូកយ៉ាកាតា។

លោក គ្រីស្នាមូធី បាននិយាយថា អង្ករចំនួន ៦៤.០០០តោនដែលទីភ្នាក់ងារ Bulog គ្រប់គ្រងទិញនៅក្នុងឆ្នាំនេះ គឺនៅតែតិចជាងការទិញអង្ករក្នុងស្រុកជាមធ្យមសម្រាប់រយៈពេលពីខែមករាដល់ខែមេសា ក្នុងឆ្នាំ២០២១-២០២៣ ដែលមានចំនួនប្រហែល ៣៧៥.០០០តោន។

លោកបានពន្យល់ថា នេះបណ្តាលមកពីការដាំដុះ និងការប្រមូលផលយឺតយ៉ាវនៅក្នុងឆ្នាំនេះ ដោយសារបាតុភូតអាកាសធាតុអ៊ែលនីណូ និងបញ្ហាផលិតកម្មផ្សេងៗទៀត។ ស្ថិតិប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាទិន្នផលស្រូវធ្លាក់ចុះ ១៧% ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។

លោកបាននិយាយបន្ថែមថា ទីភ្នាក់ងារ Bulog នឹងបន្តទិញស្រូវក្នុងស្រុកយ៉ាងសកម្មក្នុងរដូវប្រមូលផលខែមេសា ដែលរំពឹងថានឹងបន្តនៅក្នុងខែឧសភា។

ទន្ទឹមនឹងនេះដែរ យោងតាមទីភ្នាក់ងារស្បៀងអាហារជាតិរបស់ឥណ្ឌូណេស៊ី (Bapanas) បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានយល់ព្រមទៅលើតម្លៃទិញស្រូវ GKP ក្នុងតម្លៃ ៦.០០០រូពី (០,៣៧ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ពោលគឺកើនឡើងពីតម្លៃ ៥.០០០រូពីកាលពីមុន ដែលរំពឹងថានឹងបង្កើនអង្ករបម្រុងនៅក្នុងស្តុករបស់រដ្ឋាភិបាល និងគាំទ្រដល់កសិករក្នុងស្រុក៕

ប្រភព៖ AKP