បរទេស៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃ រួមជាមួយនឹងក្រសួងកសិកម្ម និងសហករណ៍ និងមន្ត្រីពាក់ព័ន្ធ បានជួបប្រជុំគ្នាស្តីពីការដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការបំពុលបរិយាកាស។
លោកឧត្តមសេនីយ៍ ប៉ាត់ចារ៉ាវ៉ាត់ វង្សស៊ូវ៉ុន (Patcharawat Wongsuwon) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោក ថាម៉ាណាត់ ប្រមប៉ូវ (Thamanat Prompow) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានចែករំលែកលទ្ធផលនៃកិច្ចប្រជុំនាពេលថ្មីៗនេះ របស់គណៈកម្មាធិការគ្រប់គ្រងការបំពុលបរិយាកាសប្រកបដោយនិរន្តរភាព។
លោកឧត្តមសេនីយ ប៉ាត់ចារ៉ាវ៉ាត់ បានលាតត្រដាងថា នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងការដុតបំផ្លាញខុសច្បាប់។ លោកក៏បានណែនាំដល់បណ្តាអភិបាលខេត្តភាគខាងជើងឱ្យផ្តល់ព័ត៌មានថ្មីៗដោយផ្ទាល់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ យុទ្ធសាស្ត្រទាំងប្រាំបួនដែលរដ្ឋាភិបាលថៃដែលត្រូវបានអនុវត្តកាលពីពេលថ្មីៗនេះ កំពុងមានវឌ្ឍនភាព និងមានការសម្របសម្រួលយ៉ាងល្អ ដែលបង្ហាញពីវិធីសាស្រ្តសកម្មរបស់ក្រសួង ។
ទន្ទឹមនឹងនេះដែរ លោក ថាម៉ាណាត់ បានប្រកាសថា មជ្ឈមណ្ឌលប្រតិបត្តិការនៅក្នុងខេត្តឈៀងម៉ៃ ត្រូវបានបំពាក់ និងត្រៀមរួចរាល់ហើយ ដែលគាំទ្រដោយភ្នាក់ងារជាច្រើន។ អង្គភាពទាំងនេះរួមមាន កងយោធពលភូមិន្ទថៃ កងទ័ពអាកាសថៃ ប៉ូលិសថៃ នាយកដ្ឋានអាកាសចរណ៍ និងកសិកម្ម ព្រមទាំងក្រសួងកសិកម្ម និងសហករណ៍។ អង្គភាពទាំងនោះត្រូវបានគេរាយការណ៍ថា បានរៀបចំដើម្បីដាក់ពង្រាយធនធានយោធាទាំងអស់ទៅកាន់ខេត្តឈៀងម៉ៃនៅពេលមានករណីចាំបាច់។
ជុំវិញបញ្ហាអ័ព្ទឆ្លងដែន លោក ថាម៉ាណាត់ បានកត់សម្គាល់ថា ក្រសួងការបរទេសបាននឹងកំពុងពិភាក្សាជាមួយបណ្តាប្រទេសជិតខាងដើម្បីកាត់បន្ថយ និងបញ្ឈប់ការអនុវត្តការដុតនានា។ លើសពីនេះទៀត កងទ័ពកំពុងសម្របសម្រួលកិច្ចពិភាក្សាតាមរយៈគណៈកម្មាធិការព្រំដែនទូទៅផងដែរ៕
ប្រភព៖ AKP