សិង្ហបុរី៖ ករណីឆបោកពាណិជ្ជកម្មអេឡិចត្រូនិកកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣

0

បរទេស៖ អាជ្ញាធរសិង្ហបុរីបានចុះបញ្ជីនូវករណីឆបោកពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួន ៩.៧៨៣ករណីក្នុងឆ្នាំ២០២៣ ដែលច្រើនជាងទ្វេដងនៃករណីចំនួន៤.៧៦២ កាលពីក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែមេសា។

ការវាយតម្លៃសុវត្ថិភាពប្រតិបត្តិការទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកបានបង្ហាញថា ប្រមាណជិត ៥០% នៃករណីឆបោកពាណិជ្ជកម្មអេឡិចត្រូនិកកាលពីឆ្នាំមុន បានកើតឡើងនៅលើវេទិកាសង្គមហ្វេសប៊ុក (Facebook) ដែលករណីឆបោកនេះបានកើនឡើងដល់ ៤.៥៥០ករណីពីចំនួន ១.១៣៨ករណីកាលពីក្នុងឆ្នាំ២០២២។

របាយការណ៍នោះបាននិយាយថា ការវាយតម្លៃ គឺផ្អែកទៅលើបួនប្រភេទ ដែលរួមមាន ភាពត្រឹមត្រូវរបស់អ្នកប្រើប្រាស់ សុវត្ថិភាពប្រតិបត្តិការ ភាពអាចរកបាននៃបណ្តាញលុបបំបាត់ការបាត់បង់ និងប្រសិទ្ធភាពនៃវិធានការប្រឆាំងនឹងការបោកប្រាស់នៅលើគេហទំព័រទិញទំនិញ។

របាយការណ៍នោះ ផ្តល់ឱ្យក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុកនូវចំណាត់ថ្នាក់ទាបបំផុត ខណៈដែលក្រុមហ៊ុនអាម៉ាហ្សូន (Amazon) ក្រុមហ៊ុនឡាហ្សាដា (Lazada) ក្រុមហ៊ុន Qoo10 និងក្រុមហ៊ុនសបភី (Shopee) បានទទួលសញ្ញាធីកពេញលេញ៕

ប្រភព៖ AKP