កំពង់ផែធំបំផុតរបស់ម៉ាឡេស៊ីបង្កើនសមត្ថភាពទ្វេដង

0

បរទេស៖ កំពង់ផែដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានទ្វេដងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ក្នុងគោលបំណងដេញតាមប្រទេសសិង្ហបុរីដែលជាប្រទេសជិតខាង ខណៈដែលការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបន្ថែមទៅលើការប្រកួតប្រជែងក្នុងវិស័យភស្តុភារនៅតំបន់អាស៊ីអាគ្នេយ៍។

កំពង់ផែក្លាងដែលជាកំពង់ផែធំជាងគេទី១២ របស់ពិភពលោក និងជាកំពង់ផែធំលំដាប់ទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ២០២១ នោះ គ្រោងនឹងបង្កើនសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួនពី ១៤លាន TEUs ឱ្យបានដល់ ២៧លាន TEUs ជាមួយនឹងប្រតិបត្តិករក្រុមហ៊ុន Westports Holdings សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ៣៩,៦ប៊ីលានរីងហ្គីត (៨,៣៤ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

យោងតាមលោក រូបេន អេមៀ ហ្គាណាលីងង៉ាម (Ruben Emir Gnanalingam) ប្រធានប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន Westports បានឱ្យដឹងថា ការពង្រីកនេះនឹងចំណាយពេលជាង ៤០ឆ្នាំ ហើយវាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចាប់ពីឆ្នាំនេះ។

ក្រុមហ៊ុន Westports គឺជាប្រតិបត្តិករកំពង់ផែដ៏លេចធ្លោមួយនៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងប្រាក់ចំណេញសុទ្ធរបស់ខ្លួនកើនឡើង ១១% ដែលឈានដល់ចំនួន ៧៧៩,៤៣លានរីងហ្គីតក្នុងឆ្នាំ២០២៣។ កាលពីក្នុងខែធ្នូ ក្រុមហ៊ុន Westports បានពង្រីករយៈពេលសម្បទាននៅកំពង់ផែក្លាងដល់ទៅ ៥៨ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៨២។

ផែនការពង្រីកនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលសហព័ន្ធកាលពីខែសីហាឆ្នាំមុន។ គម្រោងកំពង់ផែនៅភាគនិរតីនៃទីក្រុងគូឡាឡាំពួរមួយនេះ នឹងរួមបញ្ចូលនូវការរានដីនៅតាមឆ្នេរសមុទ្រដើម្បីបង្កើនកន្លែងផ្ទុកកុងតឺន័រពីស្ថានីយ៍ចំនួន៩ នាពេលបច្ចុប្បន្នឱ្យបានដល់ចំនួ​ន១៧៕

ប្រភព៖ AKP