​ចិន​បរិច្ចាគ​ឧបករណ៍​វេជ្ជសាស្រ្ដ​ដល់​មន្ទីរពេទ្យ​ក្នុង​ស្រុក​នៃ​ប្រទេស​តង់ហ្សានី

0

បរទេស៖ ក្រុមគ្រូពេទ្យចិនទី២៧ នៅប្រទេសតង់ហ្សានីបានបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រដល់មន្ទីរពេទ្យកៃរូគី ក្នុងទីក្រុងដារ អេស សាឡាម។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសតង់ហ្សានី លោកស្រី ចេន មីងជៀន (Chen Mingjian) បានប្រគល់ឧបករណ៍វេជ្ជសាស្ត្រដល់ លោក អាសសើរ ចុមវូ (Asser Mchomvu) អគ្គនាយកនៃមន្ទីរពេទ្យកៃរូគី នៅក្នុងពិធីមួយដែលធ្វើជាសាក្សីដោយបុគ្គលិកនៃមន្ទីរពេទ្យ និងសមាជិកនៃក្រុមគ្រូពេទ្យចិនទី២៧ ជាមួយប្រធានក្រុមរបស់ពួកគេគឺ លោក ហ្សាង ជុនកាវ (Zhang Junqiao) ។

លោក ចុមវូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិនសម្រាប់ការបរិច្ចាគនេះ ដោយនិយាយថា សម្ភារៈបរិក្ខារទាំងនេះនឹងជួយពង្រឹងបន្ថែមទៀត លើការផ្តល់សេវាវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ។

លោក ចុមវូ បាននិយាយថា ការបរិច្ចាគសម្ភារៈបរិក្ខារពេទ្យតាមរយៈស្ថានទូតចិនមិនមែនជាលើកទីមួយនោះទេ ដោយលោកបានបន្ថែមថា មន្ទីរពេទ្យ និងស្ថានទូតចិនបានធ្វើការយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

មន្ទីរពេទ្យកៃរូគី ក៏ទទួលបានប្រព័ន្ធព្យាបាលដុំសាច់ដោយម៉ាស៊ីនអ៊ុលត្រាសោនផ្តោតសំខាន់ពីប្រទេសចិន ដែលធ្វើឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យដំបូងគេនៅក្នុងតំបន់អាហ្វ្រិកខាងកើតដែលទទួលបានបច្ចេកវិទ្យាវេជ្ជសាស្ត្របែបនេះ សម្រាប់ការព្យាបាលដុំសាច់នៅដំណាក់កាលដំបូង និងទី៤ នៅតំបន់អាហ្វ្រិក។

លោកស្រី ចេន បាននិយាយថា ចាប់តាំងពីឆ្នាំ១៩៦៤មក ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យចិនចំនួន ៣៣នាក់ទៅកាន់ទីក្រុងហ្សានហ្សីបារ និងក្រុមគ្រូពេទ្យចំនួន ២៧នាក់ទៅកាន់ប្រទេសតង់ហ្សានីដីគោក ដើម្បីផ្តល់សេវាវេជ្ជសាស្រ្តព្យាបាលអ្នកជំងឺជិត ២០លាននាក់ និងជួយមន្ទីរពេទ្យបំពេញចន្លោះបច្ចេកទេសជាច្រើន។ លោកស្រីបានបន្ដថា វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យកំពូលរបស់ប្រទេសចិនដែលគ្របដណ្តប់លើកុមារ ការវះកាត់បេះដូង វះកាត់សរសៃប្រសាទ ឆ្អឹង និងឯកទេសផ្សេងៗទៀត ជាមួយនឹងជំនាញដ៏អស្ចារ្យ និងស្តង់ដារខ្ពស់៕

ប្រភព៖ AKP