បរទេស៖ លោក ហ្សៅ ឡេជី (Zhao Leji) សមាជិកសភាកំពូលរបស់ប្រទេសចិនបានជួបពិភាក្សាជាមួយប្រធានសភា លោកស្រី ផាទ្រីកសៀ ដេវ៉ូ (Patricia Deveaux) និងប្រធានព្រឹទ្ធសភា លោកស្រី ជូលី ឡាស៊ែល អាដដើរឡី (Julie LaShell Adderley) នៃសភាបាហាម៉ាក្នុងទីក្រុងប៉េកាំងកាល។
លោក ហ្សៅ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC) បាននិយាយថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងបាហាម៉ាសកាលពី ២៧ឆ្នាំមុន ជាមួយនឹងការពង្រីកជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធ និងការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់ប្រទេសទាំងពីរ។
លោក ហ្សៅ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបាហាម៉ាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងពន្លឿនការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រទេស និងប្រជាជនទាំងពីរ។
លោក ហ្សៅ បានកត់សម្គាល់ថា ប្រទេសចិនមានការវាយតម្លៃខ្ពស់ ចំពោះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ប្រទេសបាហាម៉ាទៅនឹងគោលការណ៍ចិនតែមួយ ដែលជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជាលក្ខខណ្ឌចាំបាច់ដ៏សំខាន់សម្រាប់ការធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង។
លោក ហ្សៅ បាននិយាយថា ប្រទេសចិនយល់ និងគាំទ្រចំពោះកង្វល់ពិសេសរបស់បណ្តាប្រទេសកោះតូចៗទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសបាហាម៉ាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
លោកស្រី ដេវ៉ូ និងលោកស្រី អាដដើរឡី បាននិយាយថា ប្រទេសបាហាម៉ាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនចិន។
ពួកគេបានថ្លែងអំណរគុណដល់ប្រទេសចិន សម្រាប់ជំនួយដែលមិនគិតតែពីខ្លួនឯងដែលខ្លួនបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសបាហាម៉ា ហើយបាននិយាយថា សភា និងព្រឹទ្ធសភានៃសភាបាហាម៉ាមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរជាមួយគណៈកម្មាធិការ NPC របស់ប្រទេសចិន និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងច្បាប់៕
ប្រភព៖ AKP