ប្រទេសថៃ៖ តម្លៃអង្ករត្រូវបានព្យាករណ៍ថានឹងកើនឡើងនៅក្នុងត្រីមាសទី២

0

បរទេស៖ បណ្តាក្រុមហ៊ុននាំចេញអង្ករថៃបានរំពឹងថា តម្លៃអង្ករជាសកលនឹងកើនឡើងនៅក្នុងត្រីមាសទីពីរ ដោយសារតែផលប៉ះពាល់នៃបាតុភូតអាកាសធាតុអ៊ែលនីណូ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក ជូគៀត អូផាសវង្សេ (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញអង្ករបានកើនឡើងដល់ ២,៥លានតោននៅក្នុងត្រីមាសទីមួយ ដោយសារអ្នកនាំចេញបានប្តេជ្ញាចិត្តក្នុងការចែកចាយនូវបរិមាណដ៏ច្រើន ជាពិសេសអង្ករសទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗ ដូចជាប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ក៏ដូចជាតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។

លោកបាននិយាយថា ប្រទេសនាំចូលអង្ករស និងអង្ករក្រអូបសំខាន់ៗ គឺសហរដ្ឋអាមេរិក និងតំបន់អាស៊ី ដែលត្រូវបានគេរំពឹងថានឹងប្រកាសនូវតម្រូវការអង្ករស និងអង្ករក្រអូបច្រើនសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ចំពេលតម្លៃនៅក្នុងសកលលោកមានកម្រិតខ្ពស់។ ការ​ផ្គត់ផ្គង់​អង្ករ​របស់​ប្រទេស​ថៃ​នៅ​មាន​កម្រិត​គ្រប់គ្រាន់ ហើយ​តម្លៃ​អង្ករ​របស់​ខ្លួន​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក។

លោក​បាននិយាយ​បន្ត​ថា នៅ​ត្រីមាស​ទី​ពីរនេះ ​ទំហំ​ការនាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​បន្តិច​ដោយ​សារ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ​ខណៈដែលរដូវ​ប្រមូល​ផល​របស់​ប្រទេស​វៀតណាម​ចាប់​ផ្តើមកាលពី​ក្នុង​ខែ​មីនា។

លោកក៏បានកត់សម្គាល់ផងដែរនូវការនាំចេញអង្កររបស់ប្រទេសថៃនៅក្នុងឆ្នាំនេះដែលទំនងជាឈានដល់ចំនួន ៨លានតោន ជាមួយនឹងតម្លៃប៉ាន់ស្មានចំនួន ១៨០ប៊ីលានបាត (៤,៩២ប៊ីលានដុល្លារអាម៉េរិក) លើសពីការព្យាករណ៍ពីមុនដែលមានចំនួន ៧,៥លានតោន ដោយមានតម្លៃ ១៥០ប៊ីលានបាត៕

ប្រភព៖​ AKP