បរទេស៖ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,០រ៉ិចទ័របានវាយប្រហារខេត្តប៉ាពួខាងលិច ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៩ ខែមេសា ប៉ុន្តែមិនមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ។
ទីភ្នាក់ងារនោះត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបាននិយាយថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧:០០ព្រឹក ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ៤៦គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងរ៉ាន់ស៊ីគី ហើយនៅជម្រៅ ១១គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។
ទីភ្នាក់ងារនោះបាននិយាយបន្ថែមថា អាំងតង់ស៊ីតេនៃការរញ្ជួយនេះត្រូវបានគេដឹងថានៅកម្រិត III ដល់កម្រិត IV MMI (Modified Mercalli Intensity) នៅក្នុងទីក្រុងរ៉ាន់ស៊ីគី។
ទីភ្នាក់ងារនោះមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិទេ ដោយសារការរញ្ជួយនេះដីមិនអាចបង្កជារលកយក្សស៊ូណាមិបាន។
ប្រទេសឥណ្ឌូណេស៊ីងាយនឹងមានការរញ្ជួយដី ដោយសារទីតាំងរបស់ប្រទេសនេះស្ថិតនៅតាមបណ្តោយរង្វង់ភ្លើងប៉ាស៊ីហ្វិក ដែលជាខ្សែក្រវាត់នៃបន្ទុះភ្នំភ្លើង និងការរញ្ជួយដី៕
ប្រភព៖ AKP