ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

0

ពោធិ៍សាត់ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨ និង៥១នាទី ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់ទឹក ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការ មោក ភារម្យ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ធុន​ អូន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងវត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់​ ទម្ងន់៧,៦៨ក្រាម ថ្លឹងតែសាច់ថ្នាំ, ទូរស័ព្ទដៃ ១គ្រឿង។ ជនសង្ស័យខាងលេីបានសារភាពថា ចំពោះថ្នាំញៀននេះជារបស់ឈ្មោះ​ ថៃ​ រួចសមត្ថកិច្ចឈានទៅបង្រ្កាបនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៩ និង២៥នាទី នៅចំណុចមន្ទីរពេទ្យបង្អែកស្រុកក្រគរ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ឈ្មោះ សូ​ ថៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងវត្ថុតាង ទូរស័ព្ទដៃចំនួន ១គ្រឿង មានផ្ទុកសារធាតុញៀនក្នុងទឹកនោម(+)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធី៕