បរទេស៖ រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក អ៊ីវ៉ាន់ ហ្គីល (Yván Gil) បានសរសេរនៅលើគណនីបណ្តាញសង្គមអ៊ិចរបស់លោកថា រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា និងគុយបាបានបញ្ជាក់សារជាថ្មីអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយគ្មានលក្ខខណ្ឌរវាងប្រជាជននៃប្រទេសទាំងពីរ។
អ្នកការទូតរូបនោះបានធ្វើការកត់សម្គាល់ខាងលើនេះបន្ទាប់ពីកិច្ចប្រជុំដ៏រីករាយមួយកាលពីពេលថ្មីៗនេះជាមួយអនុរដ្ឋមន្ត្រីការបរទេសគុយបា លោកស្រី ចូសេហ្វ៊ីណា វីដាល់ (Josefina Vidal) ដែលបានធ្វើដំណើរទៅកាន់ទីក្រុងការ៉ាកាស់ ក្នុងដំណើរទស្សនកិច្ចការងារ។
លោក ហ្គីល បាននិយាយថា ការរួបរួមរវាងប្រទេសរបស់យើង និងកិច្ចខិតខំប្រឹងប្រែងរបស់យើងសម្រាប់សមាហរណកម្មក្នុងតំបន់ គឺជាមូលដ្ឋានដើម្បីយកឈ្នះការឡោមព័ទ្ធដោយសហរដ្ឋអាមេរិក ហើយវាបានបង្ហាញថា ពិភពលោកថ្មីមួយគឺអាចធ្វើទៅបាន។
លោកស្រី វីដាល់ និងអនុរដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡាទទួលបន្ទុកតំបន់ការាបៀន លោក រ៉ាអ៊ុល លី កូស៊ី (Raul Li Causi) ដែលបានដឹកនាំកិច្ចពិភាក្សាជុំទី៦ នៃការធ្វើចំណាកស្រុករវាងប្រទេសទាំងពីរ ដោយពួកគេបានពិភាក្សាគ្នាអំពីអាកប្បកិរិយានៃលំហូរចំណាកស្រុក និងបញ្ហាកុងស៊ុលដែលជាប្រយោជន៍សម្រាប់រដ្ឋាភិបាលទាំងពីរ។
ស្ថានទូតគុយបានៅសាធារណរដ្ឋបូលីវ៉ារីនៃវេណេហ្ស៊ុយអេឡា បានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កិច្ចប្រជុំនោះបានវិភាគនូវដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហាដែលជនជាតិរបស់យើងអាចប្រឈមមុខទាក់ទងនឹងបញ្ហាចំណាកស្រុក ជាពិសេសសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធជាមួយវា។
វាបានកត់សម្គាល់ថា កិច្ចចរចានេះធ្វើឡើងនៅក្នុងពេលវេលាដ៏ស្មុគស្មាញមួយ ដោយសារគោលនយោបាយនៃការរារាំង និងការឈ្លានពានរបស់សហរដ្ឋអាមេរិកដែលប្រទេសទាំងពីរកំពុងប្រឈមមុខ៕
ប្រភព៖ AKP