ថាមពលកកើតឡើងវិញជាដំណោះស្រាយឈានមុខគេក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ាន

0

បរទេស៖ ការវិនិយោគទៅលើប្រភពថាមពលកកើតឡើងវិញ គឺជាវិធានការសម្រាប់តំបន់អាស៊ានដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមលោក ជី ហូលីង (Chee Hoe Ling) អនុប្រធានផ្នែកដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធនៅក្រុមហ៊ុន Vertiv ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

លោកបាននិយាយថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្រូវការថាមពលបានកើនឡើងជាមធ្យមមានប្រហែល ៣% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ២ទសវត្សរ៍កន្លងមកនេះ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានកត់សម្គាល់ថា ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈ បានរួមចំណែកដ៏ធំបំផុតក្នុងការលាយថាមពលក្នុងតំបន់ ដោយការនាំចូលឥន្ធនៈហ្វូស៊ីល គឺជាគន្លឹះក្នុងការផ្តល់ថាមពលដល់តំបន់។

របាយការណ៍របស់ទីភ្នាក់ងារ IEA ដដែលបានរកឃើញថា តំបន់អាស៊ានកំពុងទទួលរងនូវការធ្លាក់ចុះជាលំដាប់នៅក្នុងសមតុល្យពាណិជ្ជកម្មថាមពលរបស់ខ្លួន ដោយសារតែតម្រូវការឥន្ធនៈហ្វូស៊ីលកើនឡើងលើសពីផលិតកម្មក្នុងស្រុក។ ដូច្នេះ វាមានសារៈសំខាន់ណាស់ប្រសិនបើតំបន់នេះអាចធ្វើឱ្យការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ និងនិរន្តរភាពលឿនជាងមុនពីទស្សនៈសេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន។ លើស​ពី​នេះ​​ទៀត វា​ក៏​នឹង​ស្រប​តាម​ការ​ប្រាថ្នា​របស់​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ការ​សម្រេច​បាន​ផែនការ​រយៈពេល​វែង​សម្រាប់​អនាគត​កាន់តែ​មាន​សុវត្ថិភាព និង​និរន្តរភាពផងដែរ។

លោកបាននិយាយថា ដោយសារតែការកើនឡើងនៃតម្រូវការសម្រាប់សេវាឌីជីថល តំបន់នេះត្រូវបានគេមើលឃើញថាមានការរីកចម្រើនដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារសម្រាប់មជ្ឈមណ្ឌលទិន្នន័យ ដោយលោកបានលើកឡើងពីការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងសកលលោក Kearney ដែលបាននិយាយថា ទីផ្សារមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ត្រូវបានព្យាករណ៍ថានឹងកើនឡើង ១៦,៥% ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ ដែលមានតម្លៃ ៦,៥ប៊ីលានដុល្លារអាម៉េរិក។

លោកបានសង្កត់ធ្ងន់ថា ការជំរុញថាមពលកកើតឡើងវិញ និងការអនុវត្តប្រកបដោយនិរន្តរភាពទាំងផ្នែកថាមពល និងមជ្ឈមណ្ឌលទិន្នន័យ គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រាប់អនាគតដ៏ត្រចះត្រចង់ ដោយមិនប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយលោកបាននិយាយបន្ថែមថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អាចចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពនៅពេលអនាគត៕

ប្រភព៖ AKP