ភ្នំពេញ៖ កម្ពុជា ជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេស ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ហើយប្រទេសដែលបង្កឱ្យមានការ ប្រែប្រួលអាកាសធាតុនោះ គឺជាប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿន។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន ក្រោយបញ្ចប់នៃសិក្ខាសាលា បញ្ជ្រាប ចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មាន ក្នុងស្រុក» នៅខេត្តសៀមរាប នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរ អ្វីដែលអាចជួយកសិករបានគឺយើងធ្វើយ៉ាងណា ឱ្យពួកគាត់មាន ភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដ៏រាប មិនមានការប្រួលប្រួលនោះទេ។ អីចឹងហើយការងារសំខាន់ដែលយើងធ្វើនោះ គឺត្រូវធ្វើ យ៉ាងណាឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាស ធាតុតាម រយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ ឬយើងហៅថាគោលដៅ លំហែកម្សាន្ត ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ។
ឯកឧត្តមបានបញ្ជាក់ថា៖ ដើម្បីថែរក្សាព្រៃឈើបានគង់វង្ស យើងចាំបាច់ ត្រូវឱ្យប្រជា សហគមន៍សហការជាមួយមន្ត្រីឧទ្យានុរក្សដោយក្នុងនេះ ធ្វើយ៉ាងណាល្បាត និងអភិរក្ស ព្រៃឈើឱ្យខានតែបាន។
ដោយឡែក ដើម្បីសម្រេចឱ្យបាននៃទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទៅលើការ ដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឱ្យបានគម្របព្រៃឈើ៦០ភាគរយ និងដើម្បីឱ្យក្លាយទៅជា ប្រទេស ដែលមានអព្យាក្រឹតកាបូននោះត្រូវបានត្រូវបានឯកឧត្តម ជួប ប៉ារីស៍ បញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវមុំចំនួន៣គឺ៖ ទី១.ត្រូវដាំដើមឈើឡើងវិញ, ទី២. ត្រូវការពារ ព្រៃឈើ ដែលយើងមានឱ្យគង់វង្ស និងទី៣. ជួយដល់សហគមន៍ឱ្យពួកគាត់ មានជីវភាពល្អ ប្រសើរ និងឱ្យពួកគាត់បានឈ្វេងយល់ពីអត្ថប្រយោជន៍នៃព្រៃឈើ ដើម្បីកុំឱ្យរំខានឬកាប់ ព្រៃឈើនោះទេ។
ជុំវិញបញ្ហានេះ ឯកឧត្តមបានធ្វើការពន្យល់ដែរថាសម្រាប់ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឱ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់។ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញ ភ្ញៀវទេសចរខ្លាំងបំផុត៕
ប្រភព៖ AKP