បរទេស៖ ប្រភពយោធាលីបង់បានប្រាប់សារព័ត៌មានស៊ីនហួថា ក្រុមសកម្មប្រយុទ្ធ ៦នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិ និងទីប្រជុំជនជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា យុទ្ធជនហេសបូឡាហ៍ ២នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលម្នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសលើភូមិអាយតា អាល់សាប ក្នុងផ្នែកកណ្តាលនៃភាគខាងត្បូងប្រទេសលីបង់ ខណៈពេលដែលអ្នកប្រយុទ្ធហេសបូឡាហ៍ ម្នាក់ទៀតត្រូវបានសម្លាប់ និងជនស៊ីវិល ២នាក់បានរងរបួសនៅក្នុងការវាយឆ្មក់លើទីក្រុងកាណា ភាគនិរតី។
ប្រភពបាននិយាយថា អ្នកប្រយុទ្ធ ៣នាក់មកពីចលនាអាម៉ាល់ត្រូវបានសម្លាប់ ហើយម្នាក់ទៀតបានរងរបួសនៅក្នុងការវាយឆ្មក់មួយសំដៅទៅលើទីក្រុងចេយដេត ម៉ារចេយ័ន ភាគអាគ្នេយ៍។
ពួកគេបានបន្ថែមថា មនុស្ស ៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយឆ្មក់មួយផងដែរ ដែលបានកំណត់គោលដៅផ្ទះមួយនៅក្នុងភូមិភាគអាគ្នេយ៍នៃទីក្រុងក្វា ហាម៉ាម ដែលម្នាក់ក្នុងចំណោមនោះជាសមាជិកនៃកងទ័ពលីបង់។
ស្ថានការណ៍នៅព្រំដែនលីបង់-អ៊ីស្រាអែល បាននិងកំពុងឃើញមានភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេសបូឡាហ៍បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃមុន ដែលជំរុញឱ្យប្រទេសអ៊ីស្រាអែលឆ្លើយតបដោយការបាញ់កាំភ្លើងធំទៅកាន់ភាគអាគ្នេយ៍ប្រទេសលីបង់។
យោងតាមប្រភពសន្តិសុខលីបង់បានឱ្យដឹងថា ការប្រឈមមុខដាក់គ្នារវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤០៥នាក់នៅខាងប្រទេសលីបង់ រួមទាំងសមាជិកក្រុមហេសបូឡាហ៍ ២៦០នាក់ និងជនស៊ីវិល ៧៣នាក់៕
ប្រភព៖ AKP