បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅថ្ងៃទី៨-៩ ខែមេសានេះ ដោយក្នុងអំឡុងពេលនោះ លោកនឹងពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី (Wang Yi) អំពីប្រធានបទក្តៅមួយចំនួន រួមទាំងបញ្ហាអ៊ុយក្រែនផងដែរ។
ក្រសួងនោះបាននិយាយថា «នៅថ្ងៃទី៨-៩ ខែមេសានេះ អ្នកការទូតកំពូលរបស់រុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌដែលកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ត្រូវបានគ្រោងទុក»។
ក្រសួងបាននិយាយបន្ថែមថា «ការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅមួយត្រូវបានគ្រោងទុកទៅលើបញ្ហាប្រធានបទ និងតំបន់មួយចំនួន រួមទាំងវិបត្តិអ៊ុយក្រែន និងស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
អ្នកការទូតរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសទាំងពីរក៏នឹងពិភាក្សាគ្នាផងដែរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអន្តរកម្មក្នុងឆាកអន្តរជាតិ ដោយផ្តោតទៅលើការងាររួមនៅក្នុងអង្គការសហប្រជាជាតិ ក្រុមប្រទេសប្រ៊ីកស៍ អង្គការ SCO ក្រុមប្រទេស G20 អង្គការ APEC ព្រមទាំងយន្តការ និងវេទិកាពហុភាគីផ្សេងៗទៀត។
លោក ឡាវរ៉ូវ ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីក្នុងខែតុលា ឆ្នាំ២០២៣។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅតំបន់អឺរ៉ាស៊ី និងទស្សនវិស័យនៃការធ្វើជាប្រធានក្រុមប្រទេសប្រ៊ីកស៍របស់រុស្ស៊ី៕
ប្រភព៖ AKP