បរទេស៖ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានដាក់ការឹតបន្តឹងទៅលើការផ្គត់ផ្គង់ និងលក់គ្រំចំពុះទាពីក្រុងកំពង់ផែឌីកសុន របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីត្រូវបានជូនដំណឹងដោយនាយកដ្ឋានជលផលម៉ាឡេស៊ី (DOF) អំពីហានិភ័យនៃការចម្លងរោគប៊ីយ៉ូតុកស៊ីន។
យោងតាមនាយកដ្ឋាន DOF បានឱ្យដឹងថា គ្រំចំពុះទាដែលរកឃើញនៅក្នុងទឹកក្បែរទីក្រុង កំពង់ផែឌីកសុន ត្រូវបានបំពុលដោយសារធាតុប៊ីយ៉ូតុកស៊ីន និងមិនមានសុវត្ថិភាពសម្រាប់ការបរិភោគនោះទេ។
នៅពេលមុននេះ អគ្គនាយករងរបស់នាយកដ្ឋាន DOF លោក វ៉ាន់ អាហ្សណាន់ អាប់ឌុលឡាហ៍ (Wan Aznan Abdullah) បានបញ្ជាក់ថា មានសារាយដែលបង្កគ្រោះថ្នាក់ ដែលបណ្តាលឱ្យគ្រំចំពុះទានៅក្នុងទឹកនៃទីក្រុងកំពង់ផែឌីកសុនមានភាពកខ្វក់ ដែលធ្វើឱ្យពួកវាមិនមានសុវត្ថិភាពក្នុងការបរិភោគ។
នាយកដ្ឋានសុខភាពរបស់រដ្ឋណេហ្សរី សេមប៊ីលេន បាននិយាយថា មានករណីពុលអាហារចំនួន ៨ករណីទាក់ទងនឹងការទទួលទានគ្រំចំពុះទា ដោយមានករណីពីរត្រូវបានបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ (ICU) ។
ទីភ្នាក់ងារ SFA បាននិយាយថា ខ្លួនកំពុងធ្វើការងារជាមួយអ្នកនាំចូលដើម្បីផ្ទៀងផ្ទាត់ប្រភពនៃការនាំចូលគ្រំចំពុះទារបស់ពួកគេ ដោយធានាថា គ្រំចំពុះទាមិនត្រូវបាននាំចូលពីទីក្រុងឆ្នេរសមុទ្រនៃប្រទេសម៉ាឡេស៊ី។
ក្រៅពីប្រទេសម៉ាឡេស៊ី សិង្ហបុរីបាននាំចូលគ្រំចំពុះទាពីប្រទេសផ្សេងទៀត រួមមានទាំងប្រទេសចិន ជប៉ុន និងវៀតណាមផងដែរ៕
ប្រភព៖ AKP