បរទេស៖ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Nvidia គ្រោងនឹងសាងសង់មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) ដែលមានតម្លៃ ២០០លានដុល្លារអាម៉េរិកនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាផ្នែកមួយនៃការជំរុញរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
ដូចដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន CNBC យោងទៅតាមរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌូនេស៊ី លោក ប៊ូឌី អារី សេតៀឌី (Budi Arie Setiadi) បានឱ្យដឹងថា មជ្ឈមណ្ឌលថ្មីនេះនឹងមានទីតាំងនៅទីក្រុងស៊ូរ៉ាកាតា ក្នុងខេត្តជ្វាកណ្តាល ហើយនឹងជំរុញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងស្រុក ធនធានមនុស្ស និងបញ្ញាវ័ន្តឌីជីថល។
នេះ គឺជាគម្រោងដំបូងគេក្នុងគម្រោងរួមគ្នារវាងក្រុមហ៊ុន Nvidia និងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ឥណ្ឌូណេស៊ី Indosat Ooredoo Hutchiso ។
កាលពីខែមករា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍សិង្ហបុរី Singtel បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Nvidia ដើម្បីដាក់ពង្រាយសមត្ថភាព AI នៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Singtel បាននិយាយកាលពីខែមីនាថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱ្យក្រុមហ៊ុនធុរកិច្ចក្នុងតំបន់នូវលទ្ធភាពប្រើប្រាស់ថាមពលកុំព្យូទ័រ AI របស់ក្រុមហ៊ុន Nvidia នៅក្នុងឆ្នាំនេះ ដោយមិនចាំបាច់ឱ្យអតិថិជនវិនិយោគ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យថ្លៃៗរបស់ពួកគេឡើយ។
តំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានសក្តានុពលនៃការជំរុញប្រាក់ចំណូលដ៏សំខាន់សម្រាប់ក្រុមហ៊ុន Nvidia ។ ឯកសារគណៈកម្មការមូលបត្រសហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានបង្ហាញថា ប្រហែល ១៥% ឬ ២,៧ប៊ីលានដុល្លារអាម៉េរិកនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះសម្រាប់ត្រីមាសដែលបញ្ចប់ដោយខែតុលា ដោយបានមកពីប្រទេសសិង្ហបុរី៕
ប្រភព៖ AKP