បរទេស៖ បន្ទាប់ពីការត្រួតពិនិត្យមើលឡើងវិញនៅស្ថានីយ៍រថភ្លើង Senen នៃទីក្រុងហ្សាការតាកាលពីថ្ងៃទី០៦ ខែមេសា អគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី (Polri) ឧត្តមសេនីយ៍ លីស្ទីយ៉ូ ស៊ីគីត ប្រាបូវ៉ូ (Listyo Sigit Prabowo) បានធានាសុវត្ថិភាពនៃការធ្វើដំណើរតាមរថភ្លើងក្នុងអំឡុងពេលពិធីបុណ្យ Eid al-Fitr ដែលប្រជាជននឹងវិលត្រឡប់ទៅផ្ទះវិញ។
លោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលបានព័ត៌មានពីហានិភ័យនៃករណីឧក្រិដ្ឋកម្មក្នុងអំឡុងពេលនៃពិធីបុណ្យ Eid នោះទេ ហើយលោកបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលដែលបំពេញតួនាទីនៅតាមតំបន់ដែលអ្នកធ្វើដំណើរឆ្លងកាត់ បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់សន្តិសុខ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ប៊ូឌី កាយ៉ា ស៊ូម៉ាឌី (Budi Karya Sumadi) បានស្នើឱ្យក្រុមហ៊ុនផ្លូវដែក Indonesian Railways Company (KAI) ដែលគ្រប់គ្រងដោយរដ្ឋ ធ្ហវើការប្រមើលមើលអំពីហេតុការណ៍រអិលបាក់ដីដែលបង្កឡើងដោយអាកាសធាតុអាក្រក់ដែលទំនងជានឹងកើតឡើងនៅលើផ្លូវដែលឆ្លងកាត់ដោយអ្នកធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្នុងពិធីបុណ្យ Eid ដូចជាផ្លូវនៅភាគខាងត្បូងកោះជ្វាជាដើម។ លោកក៏បានណែនាំដល់ក្រុមហ៊ុនឱ្យប្រាកដថា រាល់ប៉ុស្តិ៍សេវាដែលបានដំឡើងនៅតាមផ្លូវរថភ្លើងដំណើរការបានត្រឹមត្រូវ។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រសួងដឹកជញ្ជូន បានឱ្យដឹងថា ប្រជាជនចំនួន ១៩៣,៦លាននាក់ត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរទៅផ្ទះដើម្បីប្រារព្ធពិធីបុណ្យ Eid al-Fitr ។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid ឆ្នាំ២០២៤ (ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែមេសា) ក្រុមហ៊ុន KAI គ្រោងនឹងផ្តល់ការធ្វើដំណើរតាមរថភ្លើងផ្លូវឆ្ងាយចំនួន ១.៦៨៨ជើង ជាមួយនឹងការធ្វើដំណើរជាមធ្យម ៧៧ជើងក្នុងមួយថ្ងៃ ដែលកើនឡើង ១១% បើធៀបទៅនឹងឆ្នាំ២០២៣៕
ប្រភព៖ AKP