ប្រធានាធិបតីថ្មីរបស់ម៉ាល់តាបានចូលកាន់តំណែង

0

បរទេស៖ ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ាល់តា លោកស្រី មីរ៉ាម ស្ពីតេរី ដេបូណូ (Myriam Spiteri Debono) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី១១ នៃប្រទេសម៉ាល់តាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសេចក្តីសម្រេចរបស់សភាជាឯកច្ឆន្ទ។

លោកស្រីបានស្បថចូលកាន់តំណែងនៅក្នុងសភាពិសេសមួយដែលធ្វើឡើងនៅវិមានហ្គ្រែនម៉ាស្ទើរ ក្នុងទីក្រុងវ៉ាល់ឡេតតា ដែលជាអាសនៈផ្លូវការរបស់ប្រធានាធិបតីនៃសាធារណរដ្ឋ។

លោកស្រី ស្ពីតេរី ដេបូណូ អាយុ ៧១ឆ្នាំ គឺជាស្ត្រីទី៣ ដែលកាន់តំណែងនេះបន្ទាប់ពីលោកស្រី គឺជាស្ត្រីតែមួយគត់ដែលធ្លាប់ធ្វើជាប្រធានសភាតំណាងរាស្រ្ត។ លោកស្រីបានបន្តតំណែងពី លោក ចច វេលឡា (George Vella) ដែលបានកាន់តំណែងអស់រយៈពេល ៥ឆ្នាំកន្លងមក។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកស្រីក្នុងនាមជាប្រធានាធិបតី លោកស្រីបាននិយាយថា លោកស្រីនឹងធ្វើការសម្រាប់កំណែទម្រង់ការបោះឆ្នោតដែលជួយសម្រួលដល់តំណាងគណបក្សនយោបាយច្រើនជាង ២គណបក្សនៅក្នុងសភា ដោយធានាថា សូម្បីតែក្រុមតូចបំផុតនៃសង្គមត្រូវបានតំណាងដោយយុត្តិធម៌។

លោកស្រីបានអំពាវនាវឱ្យមានការទទួលយកជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាល់តាកាន់តែច្រើន ហើយបានបរិហារអំពី «ជំងឺនៃការលោភលន់» ដែលប៉ះពាល់ដល់សង្គមម៉ាល់តាក្នុងការចង់បានប្រាក់កាន់តែច្រើន បាននឹងកំពុងញ៉ាំងឱ្យឆ្ងាយពីតម្លៃស្នូលរបស់សង្គម ដោយបង្ហាញពី «ការព្រងើយកន្តើយចំពោះការឈឺចាប់»៕

ប្រភព៖ AKP