បរទេស៖ សន្ទស្សន៍ហានិភ័យពិភពលោក (WRI) ឆ្នាំ២០២៣ បានដាក់ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខមួយសម្រាប់ប្រទេសដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយបំផុតនៅលើពិភពលោក បន្ទាប់មក គឺប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា។
យោងតាមរបាយការណ៍នោះបានឱ្យដឹងថា ប្រទេសហ្វីលីពីនបានឈរនៅលើកំពូលតារាងនៃប្រទេសដែលមានហានិភ័យគ្រោះមហន្តរាយខ្ពស់បំផុតទូទាំងពិភពលោក គឺមានពិន្ទុសន្ទស្សន៍ហានិភ័យពិភពលោកចំនួន ៤៦,៨៦/១០០ ខណៈដែលប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាទទួលបានពិន្ទុចំនួន ៤៣,៥/១០០ និង ៤១,៥២/១០០ រៀងៗគ្នា។
ប្រទេសហ្វីលីពីនជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក។ ដោយប្រទេសនេះមានទីតាំងនៅតាមបណ្តោយរង្វង់ភ្លើងប៉ាស៊ីហ្វិក វាងាយនឹងទទួលគ្រោះថ្នាក់រញ្ជួយដី និងបន្ទុះភ្នំភ្លើង។ ជាមធ្យម ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលរងនូវព្យុះទីហ្វុងចំនួន២០ ក្នុងមួយឆ្នាំ ដែលភាគច្រើនមានកម្លាំងខ្លាំងជាមួយនឹងថាមពលបំផ្លិចបំផ្លាញដ៏អស្ចារ្យ។
យោងតាមសន្ទស្សន៍ហានិភ័យពិភពលោកឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសមួយនេះក៏ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតក្នុងពិភពលោកផងដែរ។
ដូចគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ី ដែលមានទីតាំងនៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភ្នំភ្លើងច្រើនបំផុតក្នុងពិភពលោក។
សន្ទស្សន៍ហានិភ័យពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីចំនួន១៩៣ ទាក់ទងនឹងហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ឬភាពងាយរងគ្រោះចំពោះព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជាការរញ្ជួយដី រលកយក្សស៊ូណាមិ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម៕
ប្រភព៖ AKP