ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​នៅតំបន់​ហ្គាហ្សា​មាន​លើស​ពី ​៣៣,០០០​នាក់

0

បរទេស៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងលើសពី ៣៣,០០០នាក់ហើយ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦២នាក់ និងរបួស ៩១នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៣,០៣៧នាក់ និងរបួសដល់ ៧៥,៦៦៨នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមប៉ាឡេស្ទីន លោក សាម៉ាហ៍ អាប៊ូអាអូន (Samah Abu Aoun) បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាបន្តបន្ទាប់បានបណ្តាលឲ្យកុមារជាង ១៤,៨៦១នាក់ស្លាប់ ហើយកុមារប្រមាណ ១៧,០០០នាក់នៅតំបន់ហ្គាហ្សា បានក្លាយជាកុមារកំព្រា។

លោករដ្ឋមន្ត្រីបានបន្ថែមថា កុមារនៅតំបន់ហ្គាហ្សាកំពុងរស់នៅក្នុង «ភាពសោកនាដកម្មនៃស្ថានភាពសុខភាព និងផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺន និងអសន្តិសុខស្បៀងអាហារ។ ចំនួនអ្នកស្លាប់ដោយសារទុរ្ភិក្សនៅភាគខាងជើងតំបន់ហ្គាហ្សា បានកើនឡើងដល់យ៉ាងហោចណាស់ ៣០នាក់»។

ប្រទេសអ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រភព៖ AKP