ប្រទេសថៃ៖ ការបំពុលខ្យល់មានភាពប្រសើរឡើងនៅក្នុងខេត្តឈៀងម៉ៃ

0

បរទេស៖ លោក នីរ៉ាត់ វង្សសិទ្ធិថាវ៉ន (Nirat Wongsitthithavorn) អភិបាលខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ បាននិយាយថា ការបំពុលខ្យល់នៅក្នុងខេត្តឈៀងម៉ៃរបស់ប្រទេសថៃមានភាពប្រសើរឡើងធៀបទៅនឹងឆ្នាំមុន ហើយលោកសង្ឃឹមថានឹងមានការប្រសើរឡើងបន្ថែមទៀតនៃគុណភាពខ្យល់ល្អនាពេលអនាគតនៅក្នុងខេត្តភាគខាងជើង និងទីក្រុងសំខាន់របស់ខ្លួនមួយនេះ។

លោក នីរ៉ាត់ បានធ្វើអត្ថាធិប្បាយខាងលើនេះក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុល ជាមួយតំណាងស្ថានកុងស៊ុល និងស្ថានអគ្គកុងស៊ុលចំនួន១៥ នៅក្នុងខេត្តឈៀងម៉ៃ។

លោកបាននិយាយថា អាជ្ញាធរខេត្តឈៀងម៉ៃបានរៀបចំផែនការកាត់បន្ថយការបំពុលខ្យល់ ដើម្បីជួយគ្រប់គ្រងករណីភ្លើងឆេះព្រៃ និងការដុតបំផ្លាញកសិកម្ម។

លោកបានកត់សម្គាល់ថា អាជ្ញាធរមូលដ្ឋានបាននឹងកំពុងធ្វើការងារជាមួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការដុត រួមទាំងការស្វែងរកមូលហេតុ និងដំណោះស្រាយសម្រាប់ការដុតកសិដ្ឋាន និងផ្តល់ការងារដល់អ្នកដែលចិញ្ចឹមជីវិតដោយពឹងផ្អែកលើព្រៃឈើ។

យោងតាមរូបលោកបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានក៏បានសហការគ្នាជាមួយអង្គការនានា ដើម្បីកាត់បន្ថយការបំពុលបរិយាកាស ក៏ដូចជាការព្យាយាមពន្លត់ភ្លើងឆេះព្រៃក្នុងរយៈពេល ២៤ម៉ោង ដោយលោកបាននិយាយបន្ថែមថា វិធីសាស្រ្តទាំងនោះកំពុងជួយកាត់បន្ថយកម្រិតនៃភាគល្អិតតូចៗ PM2.5។

លោក នីរ៉ាត់ បាននិយាយថា កម្រិតភាគល្អិត PM2.5 ខ្ពស់បំផុតនៅខេត្តឈៀងម៉ៃក្នុងឆ្នាំ២០២៣ គឺ ៣៦៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) ប៉ុន្តែរហូតមកដល់ពេលនេះ កម្រិតខ្ពស់បំផុត គឺត្រឹម ១៦២ µg/m³៕

ប្រភព៖ AKP