ឡាវពង្រឹងវិធានការសុវត្ថិភាពចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

0

បរទេស៖ ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសឡាវ នឹងដាក់ពង្រាយមន្ត្រីនគរបាលចរាចរណ៍ជាង ៧០០នាក់នៅតាមផ្លូវបំបែកជាង១០០ នៅទូទាំងរដ្ឋធានីវៀងចន្ទន៍ ដើម្បីធានាសុវត្ថិភាពចរាចណ៍ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវនៅពាក់កណ្តាលខែមេសានេះ។

យោងតាមប្រធាននាយកដ្ឋាននគរបាលចរាចរណ៍នៃរដ្ឋធានីវៀងចន្ទន៍ លោក សាងខុម ភុមម៉ាឡាត់ (Sangkhom Phommalat) បានឱ្យដឹងថា នាយកដ្ឋាននគរបាលចរាចរណ៍នៃក្រសួងសន្តិសុខសាធារណៈរំពឹងថានឹងសហការជាមួយនគរបាលខណ្ឌនានាក្នុងរដ្ឋធានីវៀងចន្ទន៍ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលប្រារព្ធពិធីនោះ។

អាជ្ញាធរឡាវនឹងផ្តោតសំខាន់ទៅលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ដែលពាក់ព័ន្ធ ធានាឱ្យចរាចរណ៍ផ្លូវគោកមានភាពរលូនដោយមិនមានបទល្មើសចតរថយន្តខុសច្បាប់ ព្រមទាំងបង្កើនការត្រួតពិនិត្យល្បឿនបើកបរ និងជាតិស្រវឹង។

គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ចំនួន ៣៤២ករណីត្រូវ​បាន​គេ​រាយការណ៍​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាថ្មីកាលពី​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្សចំនួន ៣៥នាក់ របួស ៥៨៩នាក់ និង​ខូចខាត​យានយន្ត ៥៨៩គ្រឿង។

ពិធីបុណ្យចូលឆ្នាំថ្មីត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី១៤-១៦ ខែមេសាជារៀងរាល់ឆ្នាំ ដើម្បីបួងសួងឱ្យមានអាកាសធាតុល្អ ប្រជាជនមានសុខភាពល្អ និងទិន្នផលច្រូតកាត់ស្រូវបានច្រើន៕

ប្រភព៖ AKP