បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី០៤ ខែមេសា បានជួបពិភាក្សាអំពីទិសដៅពង្រឹងទំនាក់ទំនងរវាងម៉ាឡេស៊ី-ឥណ្ឌូណេស៊ី នៅក្នុងជំនួបមួយជាមួយលោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាប្រធានាធិបតីឥណ្ឌូណេស៊ីទើបជាប់ឆ្នោត។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ បឺណាម៉ារបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា លោក អាន់វ៉ា បានអបអរសាទរចំពោះលោក ប្រាបូវ៉ូ ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីទី ៨ នៃប្រទេសឥណ្ឌូណេស៊ី។ លោក អាន់វ៉ា ក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា ចំណងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមក។
នៅពេលមុននេះ លោក ប្រាបូវ៉ូ ដែលជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីផងដែរនោះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក ម៉ូហាម៉េដ ខាលេដ ណូឌីន (Mohamed Khaled Nordin)។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
លោក ប្រាបូវ៉ូ បានទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី០៣ ខែមេសា សម្រាប់ដំណើរទស្សនកិច្ចពិសេសទៅកាន់ប្រទេសជិតខាង បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែកុម្ភៈកន្លងទៅ។ មុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសប្រទេសម៉ាឡេស៊ីនេះ លោកក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន និងជប៉ុនផងដែរ៕
ប្រភព៖ AKP