ប្រទេសឡាវ និងថៃ ចាប់ផ្តើមបើកដំណើរការទូទាត់ QR កូដឆ្លងដែន

0

បរទេស៖ ប្រទេសឡាវ និងថៃ បានបើកដំណើរការការទូទាត់តាមរយៈ QR កូដឆ្លងព្រំដែនកាលពីថ្ងៃទី០៣ ខែមេសា ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ និងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនេះ ទេសាភិបាលធនាគារកណ្តាលឡាវ លោក ប៊ូនលឿ ស៊ីនសាយវ៉ូរ៉ាវង្ស (Bounleua Sinxayvoravong) បាននិយាយថា ការអនុវត្តការទូទាត់តាម QR កូដឆ្លងប្រទេស គឺជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសឡាវ ដោយសារប្រទេសថៃជាដៃគូពាណិជ្ជកម្មលេខ១ របស់ប្រទេសនេះ។

វាមិនត្រឹមតែជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុឆ្លងប្រទេស ជាពិសេសដោយសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអ្នកប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ពលករដែលកំពុងធ្វើការនៅក្នុងប្រទេសទាំងពីរដោយផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ត្រឡប់ទៅផ្ទះវិញ និងជំរុញការទូទាត់ដោយគ្មានសាច់ប្រាក់នៅក្នុងសង្គម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ក្រៅពីប្រទេសថៃ ប្រទេសឡាវក៏មានកិច្ចសហប្រតិបត្តិការទូទាត់ QR កូដឆ្លងដែនជាមួយប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ AKP