តុលាការសិង្ហបុរី បានកាត់ទោសជនជាតិខ្មែរឈ្មោះ ស៊ូ វេនជៀង (Su Wenqiang) ឱ្យជាប់ពន្ធនាគាររយៈពេល ១៣ខែ បន្ទាប់ពីលោកបានសារភាពពីបទល្មើសកាលពីថ្ងៃទី០២ ខែមេសា ពីបទលាងលុយកខ្វក់។
យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថា បុរសអាយុ ៣២ឆ្នាំរូបនោះបានសារភាពថាបានជាប់ទាក់ទងពីបទលាងលុយកខ្វក់ចំនួន ១១ករណីដោយកាន់កាប់ប្រាក់ចំណូលពីល្បែងស៊ីសងពីចម្ងាយខុសច្បាប់។
ទ្រព្យសម្បត្តិជាង ២,២ប៊ីលានដុល្លារអាម៉េរិកត្រូវបានរឹបអូស ឬបង្កក ដោយសារពាក់ព័ន្ធនឹងករណីនេះ។ នេះទំនងជាធ្វើឱ្យវាក្លាយជាប្រតិបត្តិការលាងលុយកខ្វក់ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
លោក ស៊ូ ដែលកាន់លិខិតឆ្លងដែនពីប្រទេសកម្ពុជា វ៉ានូអាទូ និងចិន គឺជាជនបរទេសម្នាក់ក្នុងចំណោម ១០នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសសិង្ហបុរីកាលពីខែសីហាឆ្នាំមុនក្នុងការវាយឆ្មក់ដំណាក់គ្នាមួយ៕
ប្រភព៖ AKP