ប្រទេស​ឥណ្ឌូណេស៊ី​ឃើញ​ខ្លា​ដំបងស៊ូម៉ាត្រា​ដើរ​តាម​ផ្លូវ

0

បរទេស៖ ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិបេងគូលូ-ឡាំពុង របស់ប្រទេសឥណ្ឌូណេស៊ី (BKSDA) បានបញ្ជាក់ថា សត្វខ្លាស៊ូម៉ាត្រាមួយក្បាលត្រូវបានគេឃើញវង្វេងដើរនៅតាមដងផ្លូវវាងតំបន់តាងហ្កាមូស និងតំបន់គ្រុយ ប៉េស៊ីសៀរ បារ៉ាត់ ក្នុងខេត្តឡាំពុង។

ប្រធានទីភ្នាក់ងារសម្រាប់តំបន់អភិរក្សឡាំពុង ៣ លោក ចូកូ ស៊ូស៊ីឡូ (Joko Susilo) បាននិយាយថា មនុស្សម្នាក់ដែលឆ្លងកាត់ផ្លូវសាងគី បេងគូណាត ក្នុងតំបន់ឧទ្យានជាតិប៊ូគីត បារីសាន សេឡាតាន់ បានថតវីដេអូអំពីសត្វខ្លានោះ។ វាជាលើកទីពីរហើយដែលអ្នកឆ្លងកាត់ផ្នែកផ្លូវនៃឆ្នេរសមុទ្រភាគខាងលិចនៃផ្លូវហាយវេ ត្រេនស៍ ស៊ូម៉ាត្រា បានដើម្បីប្រទះឃើញសត្វខ្លា។

លោកបានបង្ហើបឱ្យដឹងថា សត្វខ្លាដែលទើបនឹងប្រទះឃើញកំពុងវង្វេងផ្លូវនេះ គឺស្រដៀងទៅនឹងសត្វដែលអ្នកស្រុកថតវីដេអូបានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកបាននិយាយបន្ថែមថា ទីភ្នាក់ងារ BKSDA នឹងខិតខំប្រឹងប្រែងកាត់បន្ថយដើម្បីឆ្លើយតបទៅនឹងការមើលឃើញនោះ។ ភ្នាក់ងារនៅរង់ចាំព័ត៌មានលម្អិត ហើយនឹងសម្របសម្រួលជាមួយក្រុមបុគ្គលិកនៅមូលដ្ឋាន។

ទីភ្នាក់ងារសារព័ត៌មានអាន់តារ៉ា បានរាយការណ៍នៅពេលមុននេះថា ការវាយប្រហាររបស់សត្វខ្លាជាច្រើនបានកើតឡើងនៅក្នុងស្រុកឡាំពុងខាងលិច នៃខេត្តឡាំពុង កាលពីក្នុងខែកុម្ភៈ និងខែមីនាឆ្នាំនេះ។ កាលពីខែមីនា អ្នកស្រុកនៅភូមិស៊ូកាម៉ាហ្កា ក្នុងសង្កាត់ស៊ូហ៍ នៃស្រុកឡាំពុងខាងលិច បានរួចរស់ជីវិតពីការវាយប្រហាររបស់សត្វខ្លាស៊ូម៉ាត្រា បើទោះបីជាគាត់បានរងរបួសធ្ងន់ធ្ងរលើក្បាលក៏ដោយ។

យោងតាមលោកស្នងការប៉ូលីសនៅក្នុងខេត្តឡាំពុងខាងលិច លោក សាម៉ាណាន់ (Samanan) បានឱ្យដឹងថា បុរសអាយុ ៤១ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលីវ៉ា ដើម្បីព្យាបាលបន្ទាប់ពីត្រូវបានវាយប្រហារខណៈដែលលោកកំពុងធ្វើការនៅលើដីស្រែរបស់ខ្លួន។ បុរសនោះបាន​ប្រយុទ្ធ​នឹង​ខ្លា​ដែល​វាយប្រហារខ្លួន ហើយ​បាន​រត់​គេច​ខ្លួន។ ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ អ្នក​ស្រុក​ពីរ​នាក់​ត្រូវ​បានសត្វ​ខ្លាដំបង​ស៊ូម៉ាត្រា​សម្លាប់។

សត្វខ្លាដំបងស៊ូម៉ាត្រា ដែលជាសត្វខ្លាតូចជាងគេបំផុតក្នុងចំណោមសត្វខ្លាទាំងអស់ បច្ចុប្បន្នគឺជាប្រភេទសត្វជិតផុតពូជ ដែលត្រូវបានរកឃើញតែនៅលើកោះស៊ូម៉ាត្រា ដែលជាកោះធំទីពីររបស់ប្រទេសឥណ្ឌូណេស៊ី។

សត្វខ្លាកំពុងឈានទៅដល់ការផុតពូជ ដោយសារការកាប់បំផ្លាញព្រៃឈើ ការប្រមាញ់ និងជម្លោះរវាងសត្វព្រៃ និងប្រជាជនក្នុងតំបន់ ដោយសារជម្រករបស់ពួកគេកាន់តែថយចុះ៕

ប្រភព៖ AKP