​ប្រធានាធិបតីអ៊ូសបេគីស្ថានជួបជាមួយរដ្ឋមន្រ្ដីសន្ដិសុខសាធារណៈចិន

0

បរទេស៖ ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត មារហ្សីយ៉ូយេវ (Shavkat Mirziyoyev) បានជួបជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន លោក វ៉ាង សាវហុង (Wang Xiaohong) នៅរដ្ឋធានីតាសកេន។

ក្នុង​ជំនួប​នោះ លោក វ៉ាង បាន​ពាំនាំ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ការ​ជូនពរ​ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជូន​ចំពោះ​លោក មារហ្សីយ៉ូយេវ។ ដោយកត់សម្គាល់ថា ប្រទេសចិន និងអ៊ូសបេគីស្ថាន គឺជាអ្នកជិតខាងមិត្តភាពដែលមានជោគវាសនារួមគ្នា ហើយមានមិត្តភាពប្រពៃណីរវាងប្រជាជនទាំងពីរបានដំណើរការយ៉ាងស៊ីជម្រៅ លោក វ៉ាង បាននិយាយថា ទំនាក់ទំនងចិន-អ៊ូសបេគីស្ថានបានចូលដល់ «យុគសម័យមាស» ដែលបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំទាំងពីរ។

លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើតាមការឯកភាពដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ អនុវត្តន៍គោលការណ៍នៃជំនួយទៅវិញទៅមក ការអភិវឌ្ឍរួម សន្តិសុខសកល និងមិត្តភាពជារៀងរហូតចំពោះទំនាក់ទំនង អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងស៊ីជម្រៅក្នុងវិស័យអនុវត្តច្បាប់ និងសន្តិសុខជាមួយប្រទេសអ៊ូសបេគីស្ថាន។

ប្រធានាធិបតីលោក មារហ្សីយ៉ូយេវ បានស្នើឱ្យលោក វ៉ាង ថ្លែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងជូនពរប្រធានាធិបតីលោក ស៊ី។  លោកបានបញ្ជាក់ពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសអ៊ូសបេគីស្ថាន ចំពោះជំហររបស់ប្រទេសចិនលើបញ្ហាផលប្រយោជន៍ស្នូល និងឆន្ទៈក្នុងការរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វ៉ាង ក៏បាន​ជួប​ជាមួយ​លេខា​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ូសបេគីស្ថាន លោក វីកទ័រ ម៉ាកហ៍មូដូវ (Viktor Makhmudov) និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការផ្ទៃក្នុង​លោក ពូឡាត ប៊ូចូនូវ (Pulat Boojonov) និង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការផងដែរ៕

ប្រភព៖ AKP